ភ្នំពេញ ៖ កម្ពុជាគ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក ឈឹម សុធី បានឲ្យដឹងទៀតថា នាយកដ្ឋានសិល្បៈសូនរូប និងនាយកដ្ឋានអភិរក្សវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំមហោស្រព និងពិព័រណ៍អបអរសាទរសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីសិល្បៈសហសម័យ សិក្ខាសាលា បង្រៀនធ្វើខ្លែង និងបង្ហើរខ្លែង សិល្បៈទស្សនីយភាព និងភាពយន្ត មហោស្រពគំនូរបុរាណ ព្រះពុទ្ធប្រក់នាគ និងតម្បាញសូត្រ ពិព័រណ៍ម្ហូបអាហារ ព្រមទាំងប្រកាសជ័យលាភី មហោស្រពម្ហូបអាហារ និងមហោស្រពគំនូរបុរាណ។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិប្បកម្ម បានបន្ថែមទៀតថា ស្របជាមួយបរិបទបច្ចុប្បន្ននេះ ដែលកំពុងមានការរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅតាមបណ្តាប្រទេសនីមួយៗពីមេរោគកូវីដ-១៩ ដែលកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ជាពិសេសក្នុងព្រឹតិ្តការណ៍មហោស្រពដែលត្រូវប្រារព្ធឡើងនាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ រៀបចំអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ និងអនុវត្តតាមវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល ដោយកាត់បន្ថយចំនួនមនុស្សចូលទស្សនា និងផ្សព្វផ្សាយតាមប្រព័ន្ធOnline បណ្តាញសង្គម ដើម្បីកាត់ផ្តាច់នៃការចម្លងមេរោគកូវីដ-១៩។
ទន្ទឹមនឹងនោះលោក ក៏សូមអំពាវនាវដល់សិល្បករវ័យក្មេង ក៏ដូចជាយុវជនជំនាន់ក្រោយ និងប្រជាពលរដ្ឋ បើមិនបានធ្វើអ្វីនោះទេ សូមចូលរួមថែរក្សា លើកកម្ពស់វិស័យសិល្បៈវប្បធម៌ និងចូលរួមអប់រំទូន្មានជូនដល់បងប្អូនយើង ដែលវត្ថុសិល្បៈទាំងអស់នេះ ជារបស់បុព្វបុរសកេរ្តិ៍ដំណែលដូនតាមិនអាចកាត់ថ្លៃ។ ដូច្នេះនាំគ្នាថែរក្សាឲ្យបានគង់វង្ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជៀសវាងការផ្សព្វផ្សាយដែលជារឿងឥតប្រយោជន៍ និងប៉ះពាល់ដល់សង្គម៕