ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ AstraZeneca និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត បានដឹកទៅដល់បណ្តាខេត្តទាំង៦ ដែលជាប់នឹងព្រំដែនប្រទេសថៃហើយ ដើម្បីចាក់ដូសជំរុញ ឬដូសទី៣ ដល់កងកម្លាំងជួរមុខ នៅតាមបណ្តាខេត្តជាប់ព្រំដែននេះ ក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ខណៈខេត្តទាំងនោះ ជាខេត្តដែលមានបងប្អូនពលករខ្មែរសម្រុកចូលមកកម្ពុជា ជាបន្តបន្ទាប់ ហើយកងកម្លាំងមានការប្រឈមខ្ពស់ក្នុងពេលបំពេញការងារ។
វ៉ាក់សាំងប្រភេទAstraZenecaនេះ ត្រូវបានកងកម្លាំងទ័ពអាកាសធ្វើការដឹកជញ្ជូនចេញពីព្រលានយន្តហោះយោធារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះដោយប្រើប្រាស់ឧទ្ធម្ភាគចក្រថ្មីចំនួនពីរគ្រឿង ដោយ១គ្រឿងដឹកទៅកាន់ខេត្តកោះកុង ប៉ៃលិន និងខេត្តបាត់ដំបង ហើយឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ដឹកទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឃួន ថោងស៊ីន បានបញ្ជាក់បន្ថែមថា ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ បានធ្វើការដឹកនូវវ៉ាក់សាំងចំនួន៥០កេះ ទាំងតូចទាំងធំរួមរួមនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងៗទៀត ។
កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបញ្ជាទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស ត្រូវប្រញាប់បញ្ជូនវ៉ាក់សាំងអាស្ត្រាសេនីកា ជាបន្ទាន់ទៅកាន់ខេត្តជាប់នឹងព្រំដែនប្រទេសថៃ ដើម្បីចាក់ជូនដល់ក្រុមគ្រូពេទ្យ អាជ្ញាធរដែលកំពុងនៅតាមខេត្តទាំងនោះ ខណៈក្រុមគ្រូពេទ្យទាំងនោះពួកគាត់ប្រឈមខ្លាំងជាមួយបងប្អូនពលករខ្មែរយើងបានវិលមកពីប្រទេសថៃ វិញកាន់តែច្រើនឡើងៗនោះ។
យ៉ាងណាក៏ដោយវ៉ាក់សាំងAstraZeneca ដែលកងកម្លាំងទ័ពអាកាសដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រនេះ នឹងធ្វើប្រតិបត្តិការចាក់ជូនដល់បងប្អូនក្រុមគ្រូពេទ្យ និងកងកម្លាំងជួរមុខនៅព្រឹកថ្ងៃទី៨ ស្អែកនេះឲ្យគ្រប់ចំនួន ដើម្បីទប់ស្កាត់ការរីករាលដាននូវមេរោគកូវីដ១៩ ជាពិសេសប្រភេទDeltaនេះតែម្តង៕