បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund ក្នុងការផ្ទេរខ្សែបំរើប្រយុទ្ធអង់គ្លេស Jadon Sancho តំលៃ ៧៣លានផោន។
កីឡាករវ័យ ២១ឆ្នាំរូបនេះត្រូវបានគេដឹងថា នឹងចុះហត្ថលេខារយៈពេល ៥ឆ្នាំនៅ Old Trafford បូកជាមួយជំរើសបន្តដល់ឆ្នាំទី ៦។ តំលៃនៃការផ្ទេរ ៧៣លានផោននេះនឹងធ្វើឱ្យ Jadon Sancho ជាកីឡាករអង់គ្លេសទី២ ដែលមានតំលៃផ្ទេរខ្ពស់បំផុតបន្ទាប់ពី Harry Maguire ដែលផ្ទេរពី Leicester City កាលពីឆ្នាំ២០១៩ ក្នុងតំលៃ ៨០លានផោន។ Jadon Sancho ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ ៥៧គ្រាប់បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ១៣៧ប្រកួតឱ្យ Borussia Dortmund និងជាអ្នកស៊ុតបញ្ចូលទី២ គ្រាប់ឱ្យ Dortmund លើកពាន German Cup រដូវកាលមុនយកឈ្នះ Leipzig ៤-១។
ជាមួយក្រុមជំរើសជាតិអង់គ្លេស Jadon Sancho បង្ហាញខ្លួនបាន ២០លើកតាំងពីត្រូវបានកោះហៅដំបូងនៅឆ្នាំ២០១៨ រកបាន ៣គ្រាប់តែនៅ Euro ២០២០ បច្ចុប្បន្ន Sancho មិនដែលជាប់ជំរើសដំបូងនៅឡើយ ក្រោមការដឹកនាំរបស់លោក Gareth Southgate ដែលអង់គ្លេសទើបតែយកឈ្នះអាល្លឺម៉ង់ឡើងវគ្គ ៨ក្រុមចុងក្រោយ៕