(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនគ្រួសារកងទ័ព នៅតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាល នូវសម្រេចក្តីសម្រេចចំនួន៥ចំណុច ដោយតម្រូវឱ្យគ្រួសារកងទ័ព ដែលដល់វេនការចាក់វ៉ាក់សាំងដូសទី២ នៅរាជធានីភ្នំពេញ និក្រុងតាខ្មៅ ត្រូវទៅចាក់តាមខណ្ឌនីមួយៗ ដែលខ្លួនកំពុងស្ថិតនៅ និងមិនអនុញ្ញាតឱ្យឆ្លងខណ្ឌនោះឡើយ។
ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដែលប្រព្រឹត្តធ្វើឡើងនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។
សម្រេចក្តីសម្រេចទាំង ៥ចំណុចនេះរួមមាន៖
*ទី១៖ ការចាក់វ៉ាក់សាំងដូសទី២ ត្រូវរៀបចំតាមខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ (វិធានការបិទខ្ទប់មិនអនុញ្ញាតឱ្យឆ្លងខណ្ឌឡើយ)។
*ទី២៖ ដើម្បីរៀបចំចាក់វ៉ាក់សាំងដុសទី២ នៅតាមខណ្ឌនីមួយៗ បានអង្គភាពនីមួយៗត្រូវពិនិត្យចំនួនគ្រួសារកងទ័ពដែលបានចាក់វ៉ាក់សាំងនៅក្នុងអង្គភាពខ្លួនតាមខណ្ឌនីមួយៗ រួចរាយការណ៍ជូននាយកដ្ឋានបុគ្គលិក ទីចាត់ការបុគ្គលិកក្នុងថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះ ជាកំហិត។
*ទី៣៖ ក្រុមការងារចាក់វ៉ាក់សាំងត្រូវពិនិត្យចំនួនគ្រួសារកងទ័ពដែលបានចាក់លើកដុសទី១រួច តាមខណ្ឌនីមួយៗហើយរៀបចំក្រុមចាក់វ៉ាក់សាំង កម្មវិធី និងទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងដុសទី២ តាមខណ្ឌនីមួយៗ រួចប្រកាសជូនបណ្ដាអង្គភាពឱ្យបានជ្រាប។
*ទី៤៖ បណ្ដាអង្គភាពត្រូវជម្រាបជូនដល់គ្រួសារកងទ័ពដែលបានចាក់វ៉ាក់សាំងដុសទី១រួច និងដឹកនាំទៅចាក់ឱ្យមានសណ្ដាប់ធ្នាប់ និង អនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់បំផុត។
*ទី៥៖ ចំពោះគ្រួសារកងទ័ពដែលរស់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ហើយបានចាក់វ៉ាក់សាំងដុសទី១រួច នៅក្រៅតំបន់បិទខ្ទប់អង្គភាពត្រូវរាយការណ៍មកនាយកដ្ឋានបុគ្គលិក ទីចាត់ការបុគ្គលិក អំពីចំនួននៅតាមខណ្ឌនីមួយៗ ដើម្បីឱ្យពួកគាត់ទៅចាក់តាមកម្មវិធី និងកន្លែងចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមេសា ក៏បានជូនដំណឹងថា សម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ក្នុងខណ្ឌទាំង១៤ រាជធានីភ្នំពេញ បើកំពុងស្ថិតនៅខណ្ឌណា ត្រូវទៅចាក់នៅខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» តែសម្រាប់អ្នកត្រូវចាក់វ៉ាក់សាំងលើកដំបូង ឬដូសទី១ ត្រូវធ្វើការផ្អាកជាបណ្តោះអាសន្នសិនរង់ចាំការជូនដំណឹងនៅពេលក្រោយ។
ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ រួចហើយនៅតាមខណ្ឌទាំង១៤ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ទៅតាមថ្ងៃខែឆ្នាំ ដូចដែលបានជម្រាបជូនសាមីខ្លួនផ្ទាល់នៅពេលចាក់ដូសទី១ ទៅតាមទីតាំងដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធទី២ នៅតាមខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឲ្យឆ្លងខណ្ឌជាដាច់ខាត»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា អ្នកត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឆាយា ជូនមន្ដ្រីនៅកន្លែងចាក់វ៉ាក់សាំង ក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ។ ក្នុងករណីឯកសារទាំងនោះ មិនបានយកជាប់ខ្លួន ដោយសារវិធានការបិទខ្ទប់រាជរដ្ឋាភិបាល បុគ្គលនោះអាចបង្ហាញឯកសារទាំងនេះ តាមប្រព័ន្ធអេឡិកត្រូនិចបាន។ មានន័យថា បុគ្គលនោះគ្រាន់តែថតឯកសារដែលតម្រូវការចាំបាច់ ពិសេសប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងឯកសារសម្គាល់ខ្លួន តាមរយៈទូរស័ព្ទដៃ ដើម្បីបង្ហាញជូនមន្ដ្រីជាការសម្រេច៕