(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចេញក្បួនច្បាប់ថ្មីមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលរឹតបន្តឹងទិដ្ឋាការសម្រាប់អ្នកកាសែតចិន ហើយទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការធ្វើបែបនេះគឺជាការឆ្លើយតបចំពោះអ្វីដែលទីក្រុងប៉េកាំង បានធ្វើដាក់លើអ្នកកាសែតអាមេរិកនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។
ប៉ុន្មានខែកន្លងទៅនេះគេសង្កេតឃើញថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាត់វិធានការសងសឹកដាក់គ្នាទៅវិញទៅមក ពាក់ព័ន្ធជាមួយនិងអ្នកសារព័ត៌មាននៃប្រទេសរៀងៗខ្លួន។ កាលពីខែមីនា ចិនបានបណ្តេញអ្នកកាសែតជនជាតិអាមេរិក មកពីស្ថាប័នសារព័ត៌មានអាមេរិកចំនួនបី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងចាប់ផ្តើមចាត់ទុកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់ចិនចំនួន ០៥ ដែលធ្វើប្រតិបត្តិការនៅអាមេរិក ដូចទៅនឹងស្ថានទូតបរទេសយ៉ាងដូច្នោះឯង កាលពីខែកុម្ភៈកន្លងទៅ។
ភ្លាមៗបន្ទាប់ពីអាមេរិកបានធ្វើសេចក្តីប្រកាសខាងលើ កាលពីខែកុម្ភៈដដែលនោះ ទីក្រុងប៉េកាំងក៏បានបណ្តេញអ្នកឆ្លើយឆ្លងព័ត៌មាន ០៣នាក់ មកពីកាសែតអាមេរិក Wall Street Journal ក្នុងនោះមានជនជាតិអាមេរិក ០២នាក់ និងជនជាតិអូស្រ្តាលីម្នាក់ ក្រោយមានការចេញផ្សាយអត្ថបទព័ត៌មានមួយ ដែលមានលក្ខណៈជាការបញ្ចេញទស្សនៈ ដែលចិនបានថ្កោលទោស និងចាត់ទុកជាអត្ថបទបែបរើសអើសជាតិសាសន៍។
គួរជម្រាបថា ក្បួនច្បាប់ថ្មីខាងលើរបស់អាមេរិក នឹងចូលជាធរមាននៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដែលវានឹងដាក់កំណត់លើទិដ្ឋាការរបស់ អ្នកកាសែតចិនឲ្យមានសុពលភាពយូរបំផុតត្រឹម ៩០ថ្ងៃ តែអាចស្នើពន្យារបន្ថែមបាន ប៉ុន្តែកន្លងមកទិដ្ឋាការបែបនេះ សម្រាប់អ្នកកាសែតចិន គឺគ្មានការដាក់កំហិត និងពុំត្រូវការពន្យារបន្ថែមឡើយ។ យ៉ាងណាមិញ វានឹងមិនត្រូវអនុវត្តទៅលើអ្នកកាសែតចិន ដែលកាន់លិខិតឆ្លងដែនហុងកុង ឬក៏ម៉ាកាវនោះទេ៕