មីយ៉ាន់ម៉ា៖ ការស្លាប់របស់អ្នកតវ៉ាប្រឆាំងរដ្ឋប្រហារចំនួន២នាក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា បានបង្កឲ្យមានការថ្កោលទោសថ្មីៗពីអង្គការសហប្រជាជាតិចំពោះរបបយោធាថ្មីរបស់ប្រទេសនេះកាលពីថ្ងៃអាទិត្យ ខណៈក្រុមអ្នកកាន់មរណទុក្ខត្រៀមរៀបចំពិធីបុណ្យសពរបស់ស្ត្រីវ័យក្មេងដែលបានក្លាយជានិមិត្តរូបជាតិ នៃការតស៊ូជាមួយនឹងយោធា។
ក្រុមអាជ្ញាធរបានបង្កើនយុទ្ធវិធីជាបន្តបន្ទាប់ប្រឆាំងនឹងយុទ្ធនាការបះបោរស៊ីវិលទ្រង់ទ្រាយធំនិងដោយស្ងៀមស្ងាត់ ទាមទារឲ្យដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានទម្លាក់ពីតំណែងគឺ លោកស្រី Aung San Suu Kyi។
ថ្ងៃសៅរ៍បានក្លាយជាថ្ងៃដ៏សោកសៅបំផុត នៅក្នុងរយៈពេលជាង២សប្ដាហ៍នៃការតវ៉ាតាមដងផ្លូវនានាទូទាំងប្រទេស នៅពេលដែលកងកម្លាំងសន្តិសុខបានបាញ់ប្រហារនៅក្នុងការជួបជុំគ្នាមួយក្នុងទីក្រុងម៉ាន់ដាឡេ ដែលនាំឲ្យមនុស្សជាច្រើនរត់គេចទាំងភ័យស្លន់ស្លោរ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការប្រើអំពើហិង្សាដ៏ធ្ងន់ធ្ងរ នៅក្នុងភាពច្របូកច្របល់ ដែលក្រុមបុគ្គលិកសង្រ្គោះបន្ទាន់បាននិយាយថាបានបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។
ចំណែកស្ថានទូតអាមេរិកប្រចាំនៅសហភាពមីយ៉ាន់ម៉ា កាលពីចុងសប្ដាហ៍កន្លងទៅបានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសសកម្មភាពបាញ់ប្រហាររបស់នគរបាល លើអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារចំនួននៅក្នុងទីក្រុង ម៉ាន់ដាឡេ៕