សេអ៊ូល)៖ អតីតអ្នកការទូតរត់ចោលជួរពីកូរ៉េខាងជើងពីររូប ដែលបច្ចុប្បន្នជាសមាជិកសភានៅកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការសុំអភ័យទោស ចំពោះការលើកឡើងរបស់ពួកគេ ដែលថាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន មានបញ្ហាសុខភាព ខណៈសាធារណៈជនបាននិងកំពុងរិះគន់យ៉ាងខ្លាំង ជុំវិញការបំបោងព័ត៌មានក្លែងក្លាយ អំពីកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ លោក ថេ យ៉ុងហូ (Thae Yong-ho) ដែលជាអតីតអ្នកការទូតទី ២ នៅស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ ហើយបច្ចុប្បន្នជាសមាជិកសភាមួយរូបនៅកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសុំអភ័យទោសជាសាធារណៈ ចំពោះអ្វីដែលបានលើកឡើងនាពេលកន្លងទៅនេះ (ជុំវិញសុខភាពលោក គីម ជុងអ៊ុន) ទោះបីជាក្នុងមូលហេតុអ្វីក៏ដោយ។ នៅពេលដែលខ្ញុំ ត្រូវបានគេស្តីបន្ទោសជាច្រើន ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ពាក្យសម្តីរបស់ខ្ញុំ ពិតជាមានផលប៉ះពាល់ច្រើនណាស់»។ ជាមួយគ្នានេះ ក្នុងនាមជាសមាជិកសភាមួយរូប លោក Thae Yong-ho បានធ្វើការសន្យាថា នឹងធ្វើសកម្មភាពនយោបាយ ប្រកបដោយការប្រុងប្រយ័ត្ន និងសុភាពរាបសាជាងនេះ។
ចំណែកឯលោក ជី សឹងហូ (Ji Seong-ho) ដែលជាអ្នកនយោបាយរត់ចោលជួរកូរ៉េខាងជើងម្នាក់ទៀត ហើយបច្ចុប្បន្នក៏ជាសមាជិកសភាកូរ៉េខាងត្បូង មួយរូបផងដែរនោះ ក៏បានធ្វើការសុំអភ័យទោស ចំពោះអ្វីដែលលោកបានអះអាងកាលពីសប្តាហ៍មុនថា លោកមានភាពប្រាកដប្រជា ៩៩% ជុំវិញមរណភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោកបាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការសុំទោសជាសាធារណៈ។ ខ្ញុំបានគិតឡើងវិញជាច្រើនថ្ងៃមកហើយ។ ខ្ញុំមានអារម្មណ៍ថា ពិតជាសោកស្តាយណាស់ ចំពោះអ្វីដែលខ្ញុំបានបង្ហោះចេញ»។
គួរជម្រាបថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបាត់ខ្លួនរយៈពេល ២០ថ្ងៃ កាលពីអំឡុងខែមេសា ដោយនៅពេលនោះលោកបានអវត្តមាន ពីព្រឹត្តិការណ៍ជាតិសំខាន់ៗចំនួនពីរលើក។ ប្រការនេះវាបានធ្វើលិចឡើងនូវពាក្យចចាមអារ៉ាមជាច្រើន ជុំវិញសុខភាពរបស់លោក ដោយសារព័ត៌មានខ្លះបានអះអាងថា លោកបានស្លាប់បាត់ហើយ ហើយខ្លះទៀតថា លោកបានក្លាយជាមនុស្សរុក្ខជាតិ បន្ទាប់ពីបានធ្វើការវះកាត់បេះដូងរួចមក។
ប៉ុន្តែក្រោយពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានចុះផ្សាយពីសកម្មភាពរបស់មេដឹកនាំរបស់ខ្លួន កាលពីថ្ងៃទី ០១ ខែឧសភា កន្លងទៅថ្មីៗនេះ វាបានធ្វើឲ្យពាក្យចចាមអារ៉ាមទាំងនោះរសាត់រលាយទៅវិញអស់៕