(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោននឹងដាក់ក្រុមហ៊ុនផលិតបន្ទះឈីប ឈានមុខគេរបស់ចិន SMIC ព្រមទាំងក្រុមហ៊ុនផលិតប្រេង និងឧស្ម័នជាតិ CNOOC ទៅក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនគាំទ្រដោយយោធាចិន ដោយនឹងហាមឃាត់ក្រុមហ៊ុនទាំងនេះមិនឲ្យធ្វើពាណិជ្ជកម្ម ជាមួយវិនិយោគិនអាមេរិកទៀតឡើយ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបន្តព្យាយាមពង្រឹងគោលនយោបាយប្រឆាំងចិន ទោះបីជាប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងចូលកាន់តំណែងជាផ្លូវការ នាប៉ុន្មានសប្តាហ៍ទៀតក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២០។
ជុំវិញបញ្ហាខាងលើនេះ ទីភ្នាក់សារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍កាលដើមខែនេះដែរថា ក្រសួងការពារជាតិអាមេរិក បានកំណត់ក្រុមហ៊ុនចិនចំនួន ០៤បន្ថែមទៀតថា ជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធាចិន ដែលធ្វើឲ្យក្រុមហ៊ុនចិនសរុបចំនួន ៣៥ រងផលប៉ះពាល់។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមហ៊ុនទាំងនោះនឹងត្រូវចុះ ទៅក្នុងបញ្ជីខ្មៅនៅពេលណា។
ទោះជាបែបនេះក្តី បើយោងតាមឯកសារ និងប្រភពដ៏គួរឲ្យទុកចិត្តចំនួនបី ផ្សេងៗពីគ្នាបានបង្ហាញថា បញ្ជីនោះរួមមាន ក្រុមហ៊ុនបច្ចេកវិទ្យាសំណង់ចិន, ក្រុមហ៊ុនប្រឹក្សាវិស្វកម្មអន្តរជាតិចិន ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប SMIC និងក្រុមហ៊ុនផលិតប្រេង CNOOC ជាដើម។ ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបនឹងសំណើសុំធ្វើការអត្ថាធិប្បាយ ពីក្រុមអ្នកសារព័ត៌មាននោះទេ។
វិធានការថ្មីនេះ គឺស្របទៅតាមគោលនយោបាយ ប្រឆាំងរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោក ដូណាល់ ត្រាំ ដែលនឹងធ្វើឲ្យរដ្ឋបាលថ្មីរបស់លោក បៃដិន ស្ថិតនៅក្នុងជំហរដ៏លំបាក ខណៈដែលសំឡេងប្រឆាំងចិននៅក្នុងសភាអាមេរិក កំពុងតែកើនឡើងទាំងក្រុមសាធារណរដ្ឋ និងប្រជាធិបតេយ្យផងដែរ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរចុងក្រោយនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានចេញ បទបញ្ជាប្រតិបត្តិមួយ ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយ Reuters ក្នុងនោះបានចែងពីការហាមឃាត់ ក្រុមវិនិយោគិនអាមេរិក មិនឲ្យទិញមូលប័ត្រពីក្រុមហ៊ុនចិន ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
បើតាមក្រុមអ្នកជំនាញអាមេរិក បទបញ្ជាខាងលើនេះ ទំនងជាមិនអាចធ្វើឲ្យក្រុមហ៊ុនចិន រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះតែដែនកំណត់របស់វានៅមានកម្រិត រួមបញ្ចូលទាំងភាពមិនប្រាកដប្រជា នៃជំហររបស់អនាគតរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដែលនឹងចូលមកកាន់កាប់សេតវិមាន ក្នុងពេលឆាប់ៗនេះឡើយ៕