(វ៉ាស៊ីនតោន)៖ រដ្ឋចរជា (Georgia) បានបញ្ចប់ទាំងស្រុងហើយ នូវការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ ដោយលទ្ធផលបង្ហាញថា លោក ចូ បៃដិន គឺជាអ្នកឈ្នះនៅក្នុងរដ្ឋ Swing state មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ការទទួលស្គាល់ជ័យជម្នះខាងលើនេះ បានធ្វើឱ្យលោក ចូ បៃដិន ក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សប្រជាធិបតេយ្យដំបូងគេបំផុត ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលឈ្នះនៅក្នុងរដ្ឋ Georgia ជារដ្ឋ Swing state (រដ្ឋមានសំឡេងប្រទាញប្រទង់រវាងបក្សទាំងពីរ) មួយ ដែលតែងតែបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ។ ក្រុមមន្ត្រីចាត់ចែងកិច្ចការបោះឆ្នោតនៅក្នុងរដ្ឋ Georgia បានអះអាងពីភាពត្រឹមត្រូវ នៃការរាប់សន្លឹកឆ្នោតឡើងវិញ ហើយថាមិនមានភស្តុតាងណាមួយដែលបង្ហាញថា ការរាប់សន្លឹកឆ្នោតឡើងវិញ ធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនោះទេ។
គួរបញ្ជាក់ថា ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានអះអាងដោយមិនបានបង្ហាញភស្ដុតាងថា ការរាប់សន្លឹកឆ្នោតឡើងវិញជាង ៥លានសន្លឹកនៅក្នុងរដ្ឋ Georgia ត្រូវបានគេលួចបន្លំ ហើយថាលោកគឺជាអ្នកឈ្នះក្នុងរដ្ឋមួយនេះ ប្រសិនបើជាការរាប់សន្លឹកឆ្នោតមានភាពត្រឹមត្រូវ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងតាមដានការបោះឆ្នោតនៅអាមេរិក Edison Research លោក ចូ បៃដិន ទទួលបានអ្នកបោះតំណាង ៣០៦រូប និងលោក ដូណាល់ ត្រាំ ទទួលបាន ២៣២រូប៕