(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងប្រឆាំង COVID-19 ទៅកាន់ពិភពលោកទាំងមូលនៅក្នុងតម្លៃសមរម្យ និងសមហេតុផល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើការគូសបញ្ជាក់ កាលពីថ្ងៃពុធសប្តាហ៍នេះថា «វ៉ាក់សាំងនៃបណ្តាប្រទេសផ្សេងៗ ក៏កំពុងត្រូវបានអភិវឌ្ឍដែរ។ យើងមិនច្បាស់ថា តើវ៉ាក់សាំងទាំងនោះនឹងត្រូវកំណត់តម្លៃយ៉ាងដូចម្តេចឡើយ ប៉ុន្តែសម្រាប់ប្រទេសចិនវិញ គឺរឿងមួយនឹងច្បាស់លាស់។ យើងនឹងផ្តល់វ៉ាក់សាំងរបស់យើង ទៅដល់ពិភពលោកដោយចាត់ទុកជា ទំនិញសកលមួយនៅក្នុងតម្លៃសមរម្យ និងសមហេតុផល»។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់ក្រសួងការបរទេសចិនខាងលើនេះ បានកើតមានឡើងក្រោយពី សារព័ត៌មានមួយចំនួនចុះផ្សាយថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនចិន នឹងមានតម្លៃថ្លៃជាងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។ ដើម្បីឲ្យគ្រប់គ្នាជឿទុកចិត្តកាន់តែខ្លាំង ប្រទេសចិនក៏បានធ្វើការប្តេជ្ញាផងដែរ នៅក្នុងការធ្វើឲ្យវ៉ាក់សាំង អាចបានទៅដល់ដៃប្រទេសកំពុងអភិវឌ្ឍមុនគេ។
បច្ចុប្បន្ននេះ ប្រទេសចិនកំពុងបន្តដំណើរឆ្ពោះទៅមុខ នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងឲ្យបានឆាប់បំផុត ហើយបណ្តាប្រទេសមួយចំនួនក៏បានស្ម័គ្រចិត្ត ចូលរួមធ្វើតេស្តតំណាក់កាលទី ៣ (Phase III) និងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិនរួចមកហើយដែរ។ ទោះជាបែបនេះក្តី ក្រសួងការបរទេសចិនក៏បានបញ្ជាក់បន្ថែមថា ចិននឹងធានាចំពោះអទិភាពនៃប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងតាមរយៈតម្លៃសមរម្យ និងជំនួយមនុស្សធម៌ជាកញ្ចប់៕