អារម្មណ៍ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២
សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។
លោក ឡាង លីកូ បានសម្តែងអារម្មណ៍ដ៏សោកសៅមួយថា លោកជាគ្រូបង្រៀនម្នាក់អប់រំកុលបុត្រកុលធីតាជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី ឲ្យស្រឡាញ់ភាពយុត្តិធម៌ សុចរិត ត្រឹមត្រូវ គោរពច្បាប់សង្គម ធ្វើជាពលរដ្ឋល្អ ដើម្បីជួយលើកស្ទួយ កិត្តិយសគ្រួសារ និង ជួយអភិវឌ្ឍន៍ប្រទេសជាតិនៅពេលអនាគត តែបែជាគាត់ជាអ្នកបណ្តុះធនធានមនុស្សជួបរឿងអយុត្តិធម៌ទៅវិញ គាត់បាននិយាយថា តើឲ្យខ្ញុំមានមុខមាត់ឯណាទៅបង្ហាត់បង្រៀនសិស្សតទៅទៀត បើអ្នកដែលបង្រៀនកូនខ្មែរឲ្យចេះស្រលាញ់យុត្តិធម៌ការងារសុច្ចរិតជួបរឿងអយុត្តិធម៌ដូច្នេះ។
លោកគ្រូ ឡាង លីកូ បានរៀបរាប់សារជាថ្មីទាំងអារម្មណ៍ឈឺចាប់បន្ទាប់ពីជួបរឿងអយុត្តិធម៌ ទាំងដែលលោកគ្រូគឺជាបីតាសិស្សពោពេញដោយសមត្ថភាពនិងចំណេះដឹងតែបែរជាមកចាញ់បោកលោកស្រី គង់ យ៉ាងធី ដែលបានលក់ផ្ទះឲ្យគាត់ក្នុងតម្លៃ$47000(បួនមុឺនប្រាំពីពាន់ដុល្លា) តែផ្ទះមួយមានប្លង់រហូតដល់ទៅ២ ដែលជាកង្វល់ធ្វើឲ្យគាត់ឈឺចិត្តរហូតគ្មានអារម្មណ៍ទៅបង្រៀនសិស្សតទៅទៀត ហើយលោកក៍ធ្លាប់បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ទៅសាលាខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ អាជ្ញាធរខណ្ឌក៍ធ្លាប់បានហៅលោកទៅដោះស្រាយបញ្ហាផ្ទះដែលលោកបានទិញពីលោកស្រី គង់ យ៉ាងធី ផ្ទះលេខ១៨៨A តែនៅមិនទាន់មានផ្លែផ្កាអ្វីឡេីយ។
លោកគ្រូ ឡាង លីកូ បានបញ្ជាក់ថាកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានទិញផ្ទះពីក្រុមហ៊ុន ធី សុភ័ក្ត្រ ឈ្មោះ គង់ អៀងពៅ ជាអ្នកលក់និងជាអ្នកទទួលប្រាក់ និងឈ្មោះ គង់ យ៉ាងធី ដែលជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ជាអ្នកផ្ទេរសិទ្ធដែលមានផ្ទះល្វែងលេខ១៨៨A មានលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ៣១៧៣/២០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្ទេរសិទ្ធពីឈ្មោះ គង់ យ៉ាងធី មកឲ្យឈ្មោះ ឡាង លីកូ ហើយស្រាប់តែមានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីដែលមានលេខ ៥០៤៤/១៩ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ ចេញដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្ទេរសិទ្ធពីឈ្មោះ ឈឺន សន មកឲ្យឈ្មោះ ចេង យោង មានលេខផ្ទះ១៨៨A ចេញមុននឹងមានលេខផ្ទះដូចផ្ទះរបស់លោកគ្រូ ឡាង លីកូ ដែរ។
អង្គភាពសារព័ត៌មានយើងខ្ញុំក៍ធ្លាប់បានហៅទូរស័ព្ទទៅលោក ចេង យោង តែលោកមិនបានផ្តល់ព័ត៌មានជូនច្រើននោះទេដោយលោកបានលើកឡើងថារឿងនេះលោកកំពុងដំណើរការនៅតុលាការហើយ។
អង្គភាពសារព័ត៌មានយើងខ្ញុំក៍បានហៅទូរស័ព្ទទៅលោក គង់ អៀងពៅ ដែលជាអ្នកលក់ផ្ទះលេខ១៨៨Aឲ្យទៅលោកគ្រូ ឡាង លីកូ ហើយក៍ជាអ្នកទទួលប្រាក់ពីលោកគ្រូ ឡាង លីកូ តាមរយៈត្រេនស្វឺពីកុងធនាគារអេសុីលីដាចំនួន៣ដង សរុបទាំងប្រាក់កក់ $47000 (បួនមុឺនប្រាំពីពាន់ដុល្លា) លោក គង់ អៀងពៅ លើកទូរស័ព្ទហើយឆ្លើយយ៉ាងខ្លីថា លោកមិនបានដឹងទេព្រោះរឿងនេះយូហើយលោកគ្រាន់តែជាបុគ្គលិកគេហើយលោកក៍បានឈប់ពីការងារដែរ។
ចំណែកលោកស្រី គង់ យ៉ាងធី ក៍ធ្លាប់បានផ្តល់ឯកសារមួយចំនួនទៅឲ្យលោក ចំរ៉ុង អ្នកសារព័ត៌មានប្រចាំអង្គភាព CRN news តាមបណ្តាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣នឹងលើកឡើងថារឿងប្លង់ផ្ទះ១៨៨A លោកស្រីបានប្តឹងឈ្នះលោក ចេង យោង នៅសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍។
ពាក់ព័ន្ធរឿងផ្ទះមួយមានប្លង់២របស់លោកគ្រូ ឡាង លីកូ អង្គភាពសារព័ត៌មានយើងខ្ញុំក៍ធ្លាប់បានហៅទូរស័ព្ទទៅលោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ ហៅទូរស័ព្ទចូលតែគ្មានមនុស្សលើក ហើយរឿងនេះអង្គភាពសារព័ត៌មានយើងខ្ញុំក៍បានផ្តល់ព័ត៌មានទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ តាមប្រព័ន្ធtelegram លោកបានពិនិត្យនឹងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវស្វែងរកការពិត។
លោកគ្រូ ឡាង លីកូ បានលើកដៃសំពះស្នើសុំលោក សក់ ច័ន្ទកញ្ញារិទ្ធ មេត្តាជួយស្វែងរកយុត្តិធម៌ជូនគាត់ផងក្នុងនាមលោកជាគ្រូបង្រៀនមួយនាក់ដែរ។