ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលានេះក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលា ដោយអញ្ជើញភាគីក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន មកចូលរួមក្នុងគោលដៅប្រាប់បន្ថែម ពីលិខិតបទដ្ឋានច្បាប់ ក៏ដូចជាជជែកពិភាក្សាគ្នាផ្ទាល់ ពីបញ្ហាភាគី ក្រុមហ៊ុន រោងចក្រ សហគ្រាសជួបប្រទះ និងដំណោះស្រាយដែលខាងក្រសួងបរិស្ថាន អាចជួយផ្ដល់ទៅវិញ។
ក្រសួងបរិស្ថានតាមរយៈក្រុមការងារចុះអធិការកិច្ចកន្លងមក បានពិនិត្យឃើញថាបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួន បានចូលរួមការងារគ្រប់គ្រងបរិស្ថានបានល្អ ក្នុងពេលជាមួយគ្នាក៏មាន បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួន មិនទាន់បានចូលរួមអនុវត្តលិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងបរិស្ថានតាមគោលការណ៍បច្ចេកទេសបានល្អនៅឡើយទេ។
នេះជាការលើកឡើងរបស់ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសសិក្ខាសាលា ស្ដីពី ការជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ចំណុចខ្វះខាត របស់បណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុនទាំងនោះមានដូចជា៖ ការមិនបានស្នើសុំរបាយការណ៍វាយតម្លៃហេតុប៉ះពាលបរិស្ថាន ឬកិច្ចសន្យាការពារបរិស្ថាន ការមិនបានបង់មូលនិធិទាយជ្ជទានបរិស្ថានបានទៀងទាត់ ការមិនបានស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ និងសារធាតុបំពុលខ្យល់ ការមិនបានបំពាក់ប្រព័ន្ធអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ការមិនបានដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការមិនបានបំពាក់ប្រព័ន្ធចមោះសម្អាតផ្សែង និងសំឡេង ចេញពីម៉ាស៊ីនភ្លើង ឡចំហាយ ឬឡដុតទាញយកថាមពលអគ្គិសនី។
លើសពីនេះ ក៏មានការមិនបានរៀបចំទីតាំងទុកដាក់សំណល់រឹងតាមលក្ខណៈបច្ចេកទេស និងធ្វើការបែងចែកតាម ការមិនបានយកចិត្តទុកដាក់អនុវត្តនូវផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍ កង្វះការយកចិត្តទុកដាក់និងកិច្ចសហការជាមួយមន្ត្រីអធិការកិច្ចជាដើម៕