អ៊ុយក្រែន៖ មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃពុធដោយសំអាងដល់ប្រភពពីសារព័ត៌មាន Axios ថា ទីក្រុង Kiev បានបង្ហាញពីចំនួនដ៏ច្រើននៃជនរងគ្រោះប្រចាំថ្ងៃក្នុងជម្លោះជាមួយរុស្ស៊ី។ ទាហានអ៊ុយក្រែនរហូតដល់ ១.០០០នាក់កំពុងត្រូវបានសម្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃនៅក្នុងតំបន់ Donbass។
លោក David Arakhamia ដែលដឹកនាំការចរចារបស់ក្រុង Kiev ជាមួយទីក្រុង Moscow និងជាប្រធានគណបក្សរបស់ប្រធានាធិបតីអ៊ុយក្រែននៅក្នុងសភា បានបង្ហាញតួលេខក្នុងអំឡុងពេលកិច្ចប្រជុំតុមូលនៅឯមូលនិធិ German Marshall ក្នុងទីក្រុង Washington DC។ លោកបាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសប្រចាំថ្ងៃក្នុងចំណោមទាហានអ៊ុយក្រែនបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីប្រទេសរុស្ស៊ីបានបង្កើនការវាយលុករបស់ខ្លួននៅតំបន់ Donbass។ កាលពីថ្ងៃទី១ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ក្រុង Kiev បានបាត់បង់ទាហានពី ៦០ ទៅ ១០០នាក់ក្នុងមួយថ្ងៃក្នុងសមរភូមិការប្រយុទ្ធ។
ឥឡូវនេះជាងពីរសប្តាហ៍ក្រោយមកលោក Arakhamia អះអាងថា ចំនួននេះបានកើនដល់ ២០០ ទៅ ៥០០នាក់ជារៀងរាល់ថ្ងៃជាមធ្យម។ យោងតាមលោក Arakhamia ខណៈពេលដែលទីក្រុង Kiev បានចល័តមនុស្ស ១លាននាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនអាចបន្ថែមកម្លាំងទាហានជាង ២លាននាក់បន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ យោងតាមមន្ត្រីខាងលើបញ្ហានេះមិនមែនដោយសារតែខ្វះទាហានទេគឺខ្វះអាវុធ និងគ្រឿងផ្គត់ផ្គង់៕