ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Christian Berger (គ្រីស្ទៀន បឺហ្គឺ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាបន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារនៅកម្ពុជា នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ។
ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ ទាំងលោកជំទាវ រដ្ឋមន្រី្ត និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងល្អលើវិស័យវប្បធម៌ រវាងកម្ពុជា-អាល្លឺម៉ង់។
ជាពិសេសឯកឧត្តម Christian Berger (គ្រីស្ទៀន បឺហ្គឺ) បានបញ្ជាក់ជូនលោកជំទាវ ថា គ្រប់សកម្មភាពលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ គឺមានលក្ខណៈល្អប្រសើរ ក្នុងលក្ខណៈតូច និងធំ ព្រមទាំងបានចូលរួមសហការ ក្នុងការអភិវឌ្ឍ និងអភិរក្សលើវិស័យវប្បធម៌របស់កម្ពុជា ទាំងផ្នែករូបី និងអរូបី។ កិច្ចការទាំងអស់គឺមានភាពល្អប្រសើរ ដោយអាល្លឺម៉ង់ គឺជាសមាជិកមួយនៃសហគមន៍អឺរ៉ុប ។
ដូច្នេះមានកិច្ចការជាច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌសហគមន៍អឺរ៉ុប ដូចនេះអាល្លឺម៉ង់ មានសក្តានុពល និងកម្លាំងច្រើន ជាការពិតទាក់ទងនិងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនេះវិញ គឺអាល្លឺម៉ង់ សន្យាថា រាល់កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ទាំងអស់ ទាំងលក្ខណៈតូច និងធំ គឺនៅតែបន្តជំរុញឲ្យមានការរីកចម្រើន (បេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី)។
ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា សូមថ្លែងអំណរគុណជូនសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលតាំងពីដើមរៀងមក តែងតែជួយដល់កម្ពុជា ក្នុងការលើកស្ទួយកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ដូចជាជួយអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ នៅខេត្តសៀមរាប គឺអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួសជុលអភិរក្សប្រាសាទនានាក្នុងតំបន់អង្គរ ព្រមទាំងសារមនី្ទរទួលស្លែង ភាគីអាល្លឺម៉ង់ ក៏បានជួយច្រើន ក្នុងការអភិរក្សនូវឯកសារផ្សេងៗ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។
ជាចុងក្រោយភាគីទាំងពីរ ឯកភាពឲ្យមានការពិភាក្សាគ្នាជាមួយអ្នកជំនាញ ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការកិច្ចសហប្រតិបតិ្តការកម្ពុជា-អាល្លឺម៉ង់ គឺមានភាពលូតលាស់ជានិរន្តរ៕