តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធអគារសិក្សា១ ខ្នង និងផ្លូវបេតុង១ ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលបន្តកើតមានក្នុងការសាលារៀន ដែលមានអាយុកាលជាង ៣០ឆ្នាំមួយនេះ ក្រោមកម្លាំងសាមគ្គីធម៌របស់សប្បុរសជនជិតឆ្ងាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងស្រុកបូរីជលសារ ក៏ដូចជាក្នុងខេត្តតាកែវ និងនៅទូទាំងប្រទេស។
ឯកឧត្តម ហ៊ុន ម៉ាណែត សូមសម្តែងនូវការរំលឹកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុកជាកេរដំណែលដល់ជំនាន់ក្រោយៗទៀត។
ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងការសម្លឹងទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។
យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវសុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។
ឯកឧត្តមសូមអគុណដល់ពលរដ្ឋនៅក្នុងខេត្តតាកែវ រួមទាំងអ្នកបូរីជលសារនេះផ្ទាល់ ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោ ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និងបទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការដឹកនាំប្រកបដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំងក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ៕