រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រតិបត្តិការយោធារបស់លោកនៅក្នុងប្រទេសអ៊ុយក្រែនកំពុងដំណើរការទៅតាមផែនការ។ និយាយនៅក្នុងបណ្ដាញវីដេអូជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់លោក លោក Putin និយាយថា គោលដៅទាំងអស់កំពុងឈានដល់ការសម្រេចដោយជោគជ័យ។
លោកបានសរសើរយោធារុស្ស៊ីថា ជាវីរបុរស ហើយបានបញ្ជាឱ្យបង់ប្រាក់បន្ថែមដល់គ្រួសារទាហានដែលត្រូវបានសម្លាប់ និងទាហានដែលរងរបួសក្នុងបេសកកម្មរបស់ពួកគេ។ កងកម្លាំងរុស្ស៊ីបានជំរុញសង្គ្រាមរបស់ពួកគេនៅអ៊ុយក្រែន ដោយដណ្ដើមបានកំពង់ផែសមុទ្រយុទ្ធសាស្ត្រមួយ និងគំរាមដណ្ដើមយកមជ្ឈមណ្ឌលថាមពលធំមួយ ទោះបីជាភាគីទាំងពីរបានជួបប្រជុំគ្នានៅក្នុងប្រទេសបេឡារុស និងបានចរចាព្រមព្រៀងឲ្យមានច្រករបៀងសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋដោយសុវត្ថិភាពក៏ដោយ។
អង្គការសហប្រជាជាតិនិយាយថា មនុស្សជាង ១លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីចាប់ផ្ដើម។ ចំនួននេះស្មើនឹងជាង ២% នៃចំនួនប្រជាជនអ៊ុយក្រែន ទោះបីជាអ្នកដែលភៀសខ្លួនពីអ៊ុយក្រែនមួយចំនួន ជាពលរដ្ឋប្រទេសផ្សេងទៀតក៏ដោយ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានព្យាករណ៍ថា ប្រជាជនរហូតដល់ ៤លាននាក់អាចចាកចេញពីអ៊ុយក្រែន ជាប្រទេសដែលមានប្រជាជនចំនួន ៤៤លាននាក់៕