ស៊ីហ្គេម៖ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានជូនដំណឹង ស្នើឲ្យគ្រប់អង្គភាពផ្សព្វផ្សាយទាំងអស់ចូលរួមសហការបើកយុទ្ធនាការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការអំពាវនាវរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាននេះ បន្ទាប់ពីមានការជំរុញឲ្យបំផ្ទុះការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជាជាថ្មី ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ក្នុងកម្មវិធីសន្និសីទប្រដាល់គុនខ្មែរមួយកាលពីថ្មីៗ។
ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះនៅសល់តែជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះកម្ពុជានឹងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣។ ដើម្បីឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះបានប្រព្រឹត្តទៅដោយរលូន និងមានភាពអ៊ឹកធឹក ហើយបានជ្រូចជ្រាបយ៉ាងទូលំទូលាយដល់សាធារណជន និងមានការចូលរួមពីកីឡាករ-កីឡាការិនី ប្រជាពលរដ្ឋ គ្រប់ស្រទាប់មហាជនទាំងនៅក្នុងប្រទេស ទាំងក្រៅប្រទេស ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានស្នើសូមឲ្យម្ចាស់អង្គភាពផ្សព្វផ្សាយទាំងអស់ ចូលរួមសហការបើកយុទ្ធនាការផ្សព្វផ្សាយស្ដីពីការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្នុងកម្មវិធីផ្សាយរបស់ខ្លួន ពិសេសការប្រកួតកីឡាជាតិឲ្យបានផុសផុល ដើម្បីបំផុសស្មារតី និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យខិតខំធ្វើការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមប្រកួតកាន់តែសកម្មថែមទៀត។ ម្យ៉ាងក៏ដើម្បីបំផុសស្មារតីយុវជន និងប្រជាពលរដ្ឋឲ្យគាំទ្រ និងស្នេហាវិស័យកីឡា ដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនីរបស់កម្ពុជាកាន់តែមានឆន្ទៈប្រកួតដណ្ដើមជោគជ័យជូនជាតិ មាតុភូមិ ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្ដិភាព”។
ទន្ទឹមជាមួយគ្នា ក្រសួងព័ត៌មានក៏បានចាត់បញ្ជូនមន្ដ្រីជាន់ខ្ពស់ក្រសួង ៣រូបថែមទៀតដើម្បីចូលរួមបំពេញការងារជាមួយគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិ CAMSOC ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅដែល CAMSOC បានដាក់ចេញក្នុងសន្និបាតកាលពីថ្មីៗផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានថ្មីមួយទៀតដែលចុះហត្ថលេខាដោយឯកឧត្តម ខៀវ កាញ្ញារីទ្ធ។ ក្រឡេកមកចាប់អារម្មណ៍អគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និង BTV-News វិញ ប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពកីឡាជាច្រើន ទាំងកីឡាជាតិ និងអន្ដរជាតិ ពិសេសអំពីកម្មវិធីពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ជាក់ស្ដែងក្នុងឆ្នាំថ្មី២០២២ នេះ BTV-News បានបង្កើតនូវកម្មវិធីថ្មីមួយទៀតឈ្មោះថា «ផ្ទះស៊ីហ្គេម ២០២៣» ដែលជាកម្មវិធីមួយដ៏មានសារៈសំខាន់ ដើម្បីរួមចំណែកផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនូវកម្ពុជា ជាមួយកិច្ចសម្ភាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ និងស្ថាប័នជំនាញដើម្បីបង្ហាញនូវបច្ចុប្បន្នភាព និងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣៕