ភ្នំពេញ៖ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃទី៣១ ខែមករានេះ បងប្អូនពលរដ្ឋខ្មែរដែលកាត់សែស្រឡាយចិនភាគច្រើនជាអាជីវករតាមផ្សារ និងអ្នកប្រកបរបររកស៊ីនានា នៅរាជធានីភ្នំឈប់សំរាក បិទអាជីវិកម្មខ្លួនប្រមាណពី ៤ទៅ៥ថ្ងៃ ដើម្បីធ្វើពិធីសែន និងចេញដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានា។
ពលរដ្ឋ និងអាជីវករនៅផ្សារច្បារអំពៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី២៦ ខែមករានេះ ជាទូទៅរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន បណ្តាអាជីវករលក់ដូរតាមផ្សារតែងតែធ្វើការបិទតូប ឈប់សំរាក ដើម្បីធ្វើពិធីសែនចូលឆ្នាំចិន និងរៀបចំដំណើរកម្សាន្តទៅតាមបណ្តាខេត្ត និងគោលទេសចរណ៍នានា។
ពលរដ្ឋកាត់សែចិន និយាយថា គោលដៅទេសចរណ៍ដែលគេនឹងទៅកម្សាន្ត ភាគច្រើនគោលដៅទៅកាន់ខេត្តមណ្ឌលគិរី សៀមរាប និងបណ្តាខេត្តនៅតាមតំបន់ឆ្នេរជាដើម។
បើតាមលោកស្រី ហ៊ុន សុភា អ្នកគ្រប់គ្រងសហគមសណ្ឋាគារកម្ពុជា បានថ្លែងថា នៅពេលនេះ សមាគមមិនទាន់បានទទួលបានតួលេខកក់បន្ទប់ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារពីតាមបណ្តាសមាជិករបស់សមាគមនៅឡើយទេ។
ទោះយ៉ាងណា ជាទូទៅនៅរៀងរាល់ថ្ងៃមានកម្មវិធីបែបនេះ គឺពលរដ្ឋខ្មែរតែងតែធ្វើការឈប់សំរាកដើរកម្សាន្ត និងមានការកក់បន្ទប់ស្នាក់នៅតាមសំណាក់សណ្ឋាគារជាមុន ចៀសវាងការអត់កន្លែងស្នាក់នៅនៅពេលដើរកម្សាន្ត។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅតាមបណ្តាគោលដៅទេសចរណ៍នានាគឺដោយសារស្ថានការផ្លូវមានការអភិវឌ្ឍស្រួលធ្វើដំណើរ ហើយស្ថានការណ៍កូវីដក៏ហាក់មានការធូរស្រាលដោយសារការចាក់វ៉ាក់សាំងមានចំនួនច្រើនលើសលប់។
តាមការប៉ាន់ប្រមាណរបស់ឯកឧត្តម តុប សុភ័ក នៅថ្ងៃបុណ្យចូលឆ្នាំចិនឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចរជាតិអន្តរជាតិនឹងចេញដើរកម្សាន្តកើនឡើងខ្លាំង បើប្រៀបធៀបការចេញដើរកម្សាន្តថ្ងៃសម្រាកចុងសប្តាហ៍។
ទន្ទឹមនឹងនេះ ឯកឧត្តម បានក្រើនរំលឹកទៅបណ្តាភ្ញៀវ និងបណ្តាអាជីវកម្មទេសចរណ៍ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ៣ការដើម្បីអោយគោលដៅទេសចរណ៍មានសុវត្ថិភាពគ្មានការរាតត្បាតកូវិដ១៩៕