ភ្នំពេញ៖ ពិព័រណ៍យន្ដហោះ និងបច្ចេកវិទ្យាលើកទី៣ បានចាប់ផ្ដើមនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ហើយថ្ងៃដំបូងនេះ ពិព័រណ៍បានស្រូបទាញការចូលទស្សនាពីសាធារណៈជន ជាពិសេសសិស្សនិស្សិតជាច្រើន។
ពិព័រណ៍យន្តហោះនិងបច្ចេកវិទ្យាលើកទី៣ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
សិស្សនិស្សិតបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ទៅលើយន្តហោះឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដែលបានដាក់តាំងបង្ហាញនូវក្នុងបរិវេណខាងក្រៅ។ ការចាប់អារម្មណ៍ បានស្ដែងឱ្យ ឃើញតាមការថតរូប ការចូលអង្គុយសាកដោយផ្ទាល់នៅក្នុងយន្តហោះ និងការស្ដាប់ពីការពន្យល់ពីដំណើរការយន្តហោះ ពីអ្នកជំនាញដែលប្រចាំការនៅតាមយន្តហោះនីមួយៗ។
សម្រាប់ពិព័រណ៍នេះ ក្រៅពីការដាក់បង្ហាញនូវយន្តហោះជាច្រើនគ្រឿង ក៏មានការរៀបចំស្តង់ដែលមានជាការដាក់តាំងបង្ហាញស្នាដៃបច្ចេកវិទ្យារបស់សិស្សនិស្សិត ចំនួន ៤៦ស្តង់ផងដែរ។ កម្មវិធីពិព័រណ៍ដដែលនេះ ក៏មានការរៀបចំប្រកួតប្រជែង យន្តហោះកៅស៊ូ ក៏ដូចជាការប្រកួតរ៉ូបូតមនុស្សយន្តផងដែរ។
គួររម្លឹកថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ក្នុងគោលបំណងគឺដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យារបស់កម្ពុជា បានបង្ហាញនូវសមិទ្ធផល និងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូនដល់មហាជន ក៏ដូចជាការដាក់ តាំងបង្ហាញនូវយន្តហោះផងដែរ។
ម្យ៉ាងវិញទៀតពិព័រណ៍នេះ ក៏ជាការផ្ដល់ឱកាសដល់សាធារណជនសិស្សានុសិស្ស និងអ្នកទស្សនាបានមកទទួលយកនូវបទពិសោធចំណេះដឹង និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះដែលឈរនៅក្បែរយន្តហោះផ្ទាល់តែម្តង៕