ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ការបង្កើតការិយាល័យច្រកចេញ-ចូលតែមួយ គឺធ្វើឡើងដើម្បីកាត់បន្ថយអំពើពុករលួយ និងផ្តល់ភាពងាយស្រួល ក្នុងការបំរើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីចុះត្រួតពិនិត្យ ប៉ុស្តិ៍រដ្ឋបាលនគរបាលដីឥដ្ឋ ការិយាល័យច្រក ចេញ-ចូលតែមួយនៅសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល និងការចុះត្រួតពិនិត្យកន្លែងបណ្តុះបណ្តាលរបស់នគរបាលនៃរាជបណ្ឌិទសភានគរបាល ជាមួយលោក គ្រឹស្ទាន បើហ្គើ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កាលពីមិនទាន់មានការិយាល័យ ច្រកចេញ-ចូលតែមួយគឺបងប្អូនប្រជាពលរដ្ឋពិបាកក្នុងកិច្ចការពឹងពាក់ដល់អាជ្ញាធរ លើសេវាសាធារណៈផ្សេងៗ ហើយមួយវិញទៀតក៏បានកាត់បន្ថយរឿងអសកម្មរបស់អាជ្ញាធរមូលដ្ឋានផងដែរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីបង្កើតនូវការិយាល័យច្រកចេញ ចូលតែមួយនេះមក គឺមន្រ្តីទាំងអស់បានខិតខំធ្វើការបំរើបងប្អូនយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើមិនបំរើពួកគាត់ឲ្យបានស្រួលបួល និងទាន់ពេលវេលាទេនោះ បងប្អូនប្រជាពលរដ្ឋអាចមានសិទ្ធទៅប្ដឹងការិយាល័យមួយទៀតគឺការិយាល័យប្រជាពលរដ្ឋ ហើយថ្នាក់លើនឹងចាត់វិធានការដល់ពួកគេភ្លាមៗផងដែរ។
បើតាមសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា ការិយាល័យច្រកចេញ-ចូលតែ មួយនេះនឹងធ្វើឡើងគ្រប់ស្រុកខេត្ត-ខណ្ឌទាំងអស់ នៅទូទាំងប្រទេស ខណៈខេត្តដែលបានធ្វើគ្រប់ស្រុក ទើបតែបានបួនរាជធានី-ខេត្តតែប៉ុណ្ណោះ ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តបាត់ដំបង៕