(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក FABRICE Έtienne លេខាទី១ ស្ថានទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS នាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន០២។
កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន២ ខាងលើនេះ មានដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យ កសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ មានទឹកប្រាក់ ចំនួន២០លានអឺរ៉ូ (ប្រមាណ២៣.១៣លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ដែលបានខូចខាតដោយសារ គ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ប្រព័ន្ធធារាសាស្រ្ត នឹងត្រូវស្តារឡើងវិញ មានដូចខាងក្រោម៖
* ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក៖ ចំនួន២កន្លែង ក្នុងខេត្តបាត់ដំបង៖ (១)-ទំនប់សណ្តរអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និង (២)-ទំនប់អាងទឹកភាសន៍ ក្នុងស្រុកឯកភ្នំ និង
* ស្តារឡើងវិញនូវទំនប់អាងស្តុកទឹក៖ ចំនួន៦កន្លែង ក្នុងខេត្តបន្ទាយមានជ័យ៖ (១)-ទំនប់តាដុក, (២)-ទំនប់អាងគ្រុឌ, (៣)-ទំនប់អាងស្ទឹង, (៤)-ទំនប់អន្លង់ត្រាច ក្នុងស្រុកថ្មពួក និង(៥)-ទំនប់អាងបន្ទាត់បោះ (៦)-ប្រាសាទប្រាំ ក្នុងស្រុកស្វាយចេក។
* ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ៖ ចំនួន៨កន្លែង ក្នុងខេត្តបាត់ដំបង៖ (១)-ប្រឡាយលេខ១, (២)-ប្រឡាយលេខ២, (៣)-ប្រឡាយលេខ៣, (៤)-ប្រឡាយលេខ៤, (៥)-ប្រឡាយលេខ៥ ក្នុងស្រុកថ្មគោល និង (៦)-ប្រព័ន្ធស្រោចស្រពមង្គលបុរី, (៧)-ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល និង(៨)-ប្រព័ន្ធស្រោចស្រពកង្ហត ក្នុងស្រុកបាណន់ និង
* ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ៖ ចំនួន២កន្លែង ក្នុងខេត្តបន្ទាយមានជ័យ៖ (១)-អាងប្រសាទប្រាំ និង(២)-អាងអន្លង់រុត ក្នុងស្រុកស្វាយចេក។
ទី២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ (ប្រមាណ ៣៤៦ ៨០០ ដុល្លារអាមេរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទាន ដល់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងស្តារឡើងវិញស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តី ត្រូវការជាអាទិភាព ក្នុងការរួមចំណែកការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវិដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ តាមរយៈការសាងសង់ប្រព័ន្ធធារាសាស្រ្ត ដែលស្របទៅនឹងមុំទី ១ នៃចតុកោណទី ៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ បន្ដថា សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខ សន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះ នឹងពង្រឹងឲ្យកាន់តែខ្លាំងឡើង នូវចំណងមិត្តភាព រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនេះ ក្នុងនាមលោកស្រីផ្ទាល់ និងក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង លោកស្រីនាយក AFD ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសការដាក់ចេញ នូវគោលការណ៍ ៣ កុំ ៣ ការពារ, ការដាក់វិធានការបិទខ្ទប់ដោយគ្មាន ការបិទប្រទេសទាំងមូល និងការជំរុញ យ៉ាងសកម្មក្នុងការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំង មន្រ្តីរាជការ គ្រូបង្រៀន និយោជិក កម្មករ-កម្មការនី និងប្រជាជនទូទៅ ដែលបច្ចុប្បន្ននេះ ជារួមសម្រេចបានប្រមាណ ៩៩% ផ្អែកតាមផែនការ។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង តាមរយៈ AFD ដែលបានបន្តគាំទ្រប្រកបដោយភាពសប្បុរស និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕