ហៃទី៖ នាយករដ្ឋមន្ត្រីលោក Ariel Henry បានថ្កោលទោសក្រុមទំនើង និងក្រុមចាប់ជំរិតនៅក្នុងសន្ទរកថាថតទុកជាមុនដែលបានបង្ហោះផ្សាយកាលពីថ្ងៃសុក្រ។ វាជាលើកដំបូងហើយដែលលោក Henry ទទួលស្គាល់បញ្ហាទាំងនេះនៅក្នុងសុន្ទរកថាធ្វើឡើងជាសាធារណៈ ចាប់តាំងពីការចាប់ជំរិតអ្នកផ្សព្វផ្សាយសាសនា ១៧នាក់កាលពីថ្ងៃទី១៦ ខែតុលា ដែលអាជ្ញាធរសហរដ្ឋអាមេរិក និងហៃទីកំពុងព្យាយាមជួយសង្គ្រោះ។
ជនជាតិអាមេរិកចំនួន ១៦នាក់ ជនជាតិកាណាដាម្នាក់ និងអ្នកបើកបរជនជាតិហៃទីរបស់ពួកគេត្រូវបានចាប់ជំរិត ក្នុងពេលមានការកើនឡើងនៃការចាប់ជំរិតពាក់ព័ន្ធទៅនឹងក្រុមទំនើងដែលនគរបាលកំពុងព្យាយាមគ្រប់គ្រង។ លោក Henry បាននិយាយនៅក្នុងសាររបស់លោកថា ប្រសិនបើពួកគេមិនបញ្ឈប់អំពើខុសឆ្គងរបស់ពួកគេនោះទេ ច្បាប់នឹងអនុវត្តចំពោះពួកគេ។ ជម្រើសតែមួយគត់សម្រាប់ក្រុមទាំងនេះ និងអ្នកឧបត្ថម្ភរបស់ពួកគេគឺការជាប់ពន្ធនាគារ ឬស្លាប់ ប្រសិនបើពួកគេគ្មានបំណងផ្លាស់ប្តូរអាជីព។ មេដឹកនាំក្រុមទំនើង 400 Mawozo ដែលបានចាប់ជំរិតអ្នកផ្សព្វផ្សាយសាសនា រួមទាំងកុមារ ៥នាក់បាននិយាយថា ពួកគេនឹងសម្លាប់ក្រុមនេះ ប្រសិនបើការទាមទារប្រាក់លោះមិនត្រូវបានបំពេញ។
មន្ត្រីប្រទេសហៃទីនិយាយថា ក្រុមទំនើងកំពុងស្វែងរកប្រាក់ចំនួន ១លានដុល្លារក្នុងមនុស្សម្នាក់ ប៉ុន្តែវាមិនច្បាស់នោះទេថា តើការទាមទាប្រាក់លោះនេះរាប់បញ្ចូលទាំងកុមារដែរ ឬយ៉ាងណា ដែលកុមារក្មេងជាងគេបំផុតមានអាយុទើបតែ ៨ខែ។ លោក Henry បានថ្កោលទោសអ្នកដែលជួយឧក្រិដ្ឋជនដោយផ្តល់អាវុធ គ្រាប់រំសេវ និងលុយដល់ពួកគេ។ លោកនាយករដ្ឋមន្ត្រីបាននិយាយប៉ុន្មានថ្ងៃ បន្ទាប់ពីកូដកម្មរាលដាលដែលបាននាំឱ្យមានការបិទសាលារៀន អាជីវកម្ម និងការដឹកជញ្ជូនសាធារណៈ កាលពីដើមសប្តាហ៍នេះក្នុងរដ្ឋធានីព័រអូប្រាំង និងការតវ៉ាទៅនឹងការខ្វះខាតប្រេងឥន្ធនៈ និងស្ថានភាពកាន់តែយ៉ាប់យ៉ឺនរបស់ប្រទេស៕