(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ នេះ គ្រោងប្រើរយៈពេលប្រកួតតែជាង ២សប្ដាហ៍ប៉ុណ្ណោះ ដើម្បីកំណត់ជោគវាសនាក្រុមជើងឯក ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ជាមួយការផ្លាស់ប្ដូររូបមន្ដប្រកួតថ្មី។
តាមការបញ្ជាក់របស់ក្លិបសមាជិកពានថ្នាក់ជាតិនេះបានឲ្យដឹងថា ដោយសារលក្ខខណ្ឌពេលវេលា ក្នុងបរិបទកូវីដ-១៩ គណៈកម្មការរៀបចំការប្រកួត និងបណ្ដាក្លិបសមាជិកបានឯកភាពគ្នា ក្នុងដំណើរការប្រកួតខ្លីជាងរដូវកាលមុនៗ។ រីឯរូបមន្ដប្រកួតវិញសម្រាប់វគ្គ ១៦ក្រុមចុងក្រោយ និងវគ្គ ៨ក្រុមចុងក្រោយ គឺប្រកួតតែ ១ប៉ុណ្ណោះ មានន័យថាចាញ់-ធ្លាក់តែម្ដង។
ចំពោះបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ រួមមានក្លិបលីគកំពូលកម្ពុជាទាំង១៣ គឺមានភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, ណាហ្គាវើលដ៏, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ, គិរីវង់, នគរបាលជាតិ, អាស៊ីអឺរ៉ុប, អគ្គិសនីកម្ពុជា, ព្រៃវែង និងសូលទីឡូអង្គរ រួមជាមួយក្លិបឡើងមកពីពានថ្នាក់ខេត្ត ៣ក្រុម គឺមានក្រុមជើងឯកកោះកុងអេហ្វស៊ី, ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ។
យោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនាថ្ងៃទី០៩-១០ ខែវិច្ឆិកាខាងមុខ ហើយក្រុមឈ្នះនឹងទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយ ដែលគ្រោងប្រកួតនាថ្ងៃទី១៦ ខែវិច្ឆិកា។ កាលពីរដូវកាលមុន វិសាខា គឺក្រុមជើងឯក បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើលដ៏ ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះចាំមើលរដូវកាលថ្មីនេះ តើក្រុមណានឹងក្លាយជាម្ចាស់ពាន?