(ភ្នំពេញ)៖ «ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើងបានបង្ហាញទៅពួកគេពីការលេងល្អខ្លះ»។ នេះគឺជាសម្ដីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីក្រុម U23 កម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ពិសេសក្រោយចាញ់ក្រុមម្ចាស់ផ្ទះជប៉ុន ៤-០ កាលពីម្សិលមិញ។
លោក Honda បានបញ្ជាក់បន្ថែមថា «ប៉ុន្ដែពួកយើងត្រូវកែតម្រូវការលេងរបស់យើងជាច្រើនទៀត។ យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣។ យើងមានពេលតែមួយឆ្នាំជាងទៀតទេ។ ដូច្នេះយើងមិនមានពេលច្រើនទេ។ ទាំងផ្នែកកលល្បិច (Tactics) ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះជារៀងរាល់ថ្ងៃ។ តោះ! ធ្វើវាទាំងអស់គ្នាពួកយើង»។
ការលើកឡើងរបស់អតីតសមាជិកក្រុមស៊ាំម៉ូរ៉ៃជប៉ុនខាងលើ សបញ្ជាក់ឲ្យឃើញភាពរីកចម្រើនមួយកម្រិតរបស់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ដែលសម្បូរដោយកីឡាករវ័យក្មេង ស្របតាមផែនការយុទ្ធសាស្ដ្ររបស់លោក ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការដុះខាត់ និងពង្រឹងសមត្ថភាព ក៏ដូចជាបច្ចេកទេសពួកគេ ដើម្បីត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលនៅសល់រយៈពេល ៥៥៥ថ្ងៃទៀតប៉ុណ្ណោះ។
ក្រុមគោព្រៃជំទង់កម្ពុជា បានបញ្ចប់បេសកកម្មនៅប្រទេសជប៉ុន និងត្រឡប់មកមាតុភូមិវិញហើយ ក្រោយចប់ការប្រកួតដោយឈរលេខ២ ក្នុងពូល K បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ឈ្នះ ១ និងចាញ់១ ពោលគឺឈ្នះក្រុម U23 ហុងកុង ៤-២ និងចាញ់ក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ៤-០។ ដូច្នេះកម្ពុជា ត្រូវរង់ចាំមើលលទ្ធផលការប្រកួតបញ្ចប់ពូល រវាងជប៉ុន និងហុងកុង នាថ្ងៃទី២៨ ខែតុលាស្អែក ក៏ដូចជាលទ្ធផលពូកផ្សេងៗទៀត ដើម្បីអ៊ុតឱកាសឡើងទៅវគ្គបន្ដ ឬក៏អត់។
សូមបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមានប្រទេសចំនួន ៤០ចូលរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជា ស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោមបញ្ចប់ការប្រកួតនេះ ក្រុមចំណាត់ថ្នាក់លេខ១ នៃពូលនីមួយៗ រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេចំនួន ៤ក្រុម នឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕