អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសលោកខាងលិចមិនអាចធ្វើការសម្រេចចិត្តលើជោគវាសនា នៃកិច្ចពិភាក្សាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបានទេ។ លោក Raisi បានអះអាងថា ទីក្រុងតេអេរ៉ង់នៅតែប្តេជ្ញាចិត្តក្នុងការបញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់របស់ខ្លួន ខណៈដែលការចរចាកំពុងបន្ត។
ខណៈកំពុងឈរក្បែរមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ក្នុងអំឡុងពេលពិធីកម្មសាសនា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយថា អ្វីដែលធ្វើឱ្យអាមេរិក និងអឺរ៉ុបជាប់គាំងគឺការបរាជ័យក្នុងការសម្រេចចិត្ត ពួកគេមិនធ្វើការសម្រេចចិត្ត។ កិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងប្រទេសហត្ថលេខីអឺរ៉ុបនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រួមជាមួយរុស្ស៊ី និងចិនត្រូវបានជាប់គាំងតាំងពីខែមិថុនា។ រដ្ឋបាលរបស់លោក Raisi ដែលបានចូលកាន់តំណែងកាលពីខែសីហា មិនបានកំណត់កាលបរិច្ឆេទសម្រាប់ការបន្តកិច្ចសន្ទនានោះទេ។ អ៊ីរ៉ង់បានប្រឆាំងនឹងការអំពាវនាវឲ្យមានការចរចាឡើងវិញយ៉ាងឆាប់រហ័ស នៅក្រុងវីយែនប្រទេសអូទ្រីស។
ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់ចង់ជួបដាច់ដោយឡែកជាមួយភាគីផ្សេងទៀតនៃកិច្ចព្រមព្រៀងនៅទីក្រុងព្រូសែល មុនពេលត្រឡប់ចូលទៅតុចរចាវិញ។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានមើលឃើញថា ទីក្រុងតេអេរ៉ង់បានកំណត់យ៉ាងច្បាស់លាស់ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ កាលពីឆ្នាំ២០១៨ លោកប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ ដែលនាំឲ្យមានភាពតានតឹងកើនឡើងកាន់តែខ្លាំងនៅទូទាំងមជ្ឈិមបូព៌ា៕