ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរអគុណចំពោះអង្គរដ្ឋសភា ដែលជានិច្ចជាកាលបានគាំទ្រគ្រប់យ៉ាងចំពោះរាជរដ្ឋាភិបាល ក្នុងការខិតខំជំរុញការអភិវឌ្ឍនានា លើគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ថ្លែងនៅក្នុងឱកាសចូលរួមប្រជុំក្នុងរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួន និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមថ្លែងកោតសរសើរចំពោះអង្គរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ ហើយបានគាំទ្ររាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីគុណ ប្រយោជន៍ប្រជាជន និងប្រទេសជាតិ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើរបៀបវារៈខាងលើនេះ សមាជិក-សមាជិកានៃអង្គរដ្ឋសភាទាំងមូល បានសម្រេចអនុម័តទាំងស្រុង ដោយសំឡេង១១១លើ១១១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា. ប្រធានរដ្ឋសភា. នាយករដ្ឋមន្ត្រី. និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាដើម ក្នុងគោលបំណងសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ក្រៅពីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីធ្វើពិសោធន៍កម្មក្នុងការកំណត់សញ្ជាតិតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិនេះ សមាជិក-សមាជិកានៃអង្គរដ្ឋសភាក៏បានបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាអតីតអភិបាលរាជធានីភ្នំពេញ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយសំឡេងគាំទ្រ១១០លើ១១១សំឡេងផងដែរ បន្ទាប់ពីមានការស្នើសុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ៕