ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់ BTV ឲ្យដឹងថា នៅដើមសប្តាហ៍ក្រោយនេះ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យ និងអនុម័តជុំវិញការស្នើធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញអំពីការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលចំនួន៤រូប ។
ថ្លែងប្រាប់BTV តាមទូរស័ព្ទ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា បន្ទាប់ពីទទួលបានការស្នើពីរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្នើធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកជាតិកំពូលចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានពិនិត្យ សិក្សា បញ្ចប់រួចរាល់ ខណ:នៅថ្ងៃស្អែកនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋ។
ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ថា គណៈកម្មការជំនាញបានសិក្សា ពិនិត្យ និងពិគ្រោះយោបល់យ៉ាងស៊ីជម្រៅជាមួយក្រសួងពាក់ព័ន្ធ ក៏ដូចជាក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ ខណៈនៅដើមសប្តាហ៍ក្រោយរដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីស្នើនេះ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានផ្តោតជាសំខាន់ទៅលើប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាមេដឹកនាំមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា៕