(ឌូបៃ)៖ អេមីរ៉េតអារ៉ាប់រួម (United Arab Emirates) នឹងទទួលសិទ្ធិរៀបចំការប្រកួតពានរង្វាន់បាល់ទាត់កម្រិតពិភពលោក FIFA Club World Cup 2022 បន្ទាប់ពីប្រទេសជប៉ុនបានដកខ្លួនចេញពីការទទួលសិទ្ធិនេះ។ នេះបើតាមការចេញសេចក្តីសម្រេចរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
ប្រធានស្ថាប័ន FIFA ដែលមានលោក Gianni Infantino បានបង្ហាញឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតដែលមានក្រុមជើងខ្លាំងប្រចាំលីគនៃតំបន់ទាំង៦ តែងតែមកប្រជែងគ្នាដណ្តើមពាន FIFA Club World Cup ជារៀងរាល់ឆ្នាំ ជាមួយក្រុមជើងឯកថ្នាក់ជាតិរបស់ប្រទេសម្ចាស់ផ្ទះ ខណៈបច្ចុប្បន្នក្នុងឆ្នាំ២០២០ ស្ថាប័ន FIFA បានសម្រេចបន្ថែមឡើងដល់ ៧ក្រុមនៃការប្រជែងដែលគ្រោងធ្វើនៅប្រទេសជប៉ុន បន្ទាប់ពីគោលការណ៍ដំបូងធ្វើនៅប្រទេសចិន តែត្រូវបានដកចេញវិញ ដោយសារបញ្ហាមេរោគឆ្លងក្នុងឆ្នាំ២០២១។
ដោយមានក្រុម៧ មកពីជើងឯកប្រចាំតំបន់ចំនួន៧ មានក្រុមមកពីអឺរ៉ុប Chelsea ជាជើងឯកពាន UCL 2020-21 ហើយក្រុម Al Ahly មកពីលីគ CAF Champions League 2020-21 រួមជាមួយក្រុម Auckland City មកពីសហព័ន្ធបាល់ទាត់ Oceania Football Confederation និងក្រុម Al Jazira មកពីលីគប្រចាំប្រទេស UAE Pro League 2020-21 ដែលម្ចាស់ផ្ទះការប្រកួត។
៣ក្រុមទៀតនៅមិនទាន់រកបានក្រុមនោះទេ ដ្បិតមិនទាន់បញ្ចប់ការប្រកួតលីគប្រចាំតំបន់ដោយមានមកពីអាស៊ី AFC Champions League 2021 និងពានតំបន់អាមេិកឡាទីន Copa Libertadores 2021 និងពានតំបន់ Concacaf (CONCACAF Champions League 2021 ខណៈកម្មវិធីប្រកួតនឹងត្រូវបញ្ជាក់នៅពេលខាងមុខ៕