(ភ្នំពេញ)៖ រយៈពេល ១សប្ដាហ៍មកហើយ ដែលកីឡាករជម្រើសជាតិកម្ពុជា ៦រូបបានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសបារ៉ែន បន្ទាប់ពីរកឃើញជំងឺរាតត្បាតជាសកលនេះ អំឡុងពេលបំពេញជួយក្រុមគោព្រៃកម្ពុជាក្នុងការប្រកួតជម្រុះពានរង្វាន់អាស៊ី AFC Asian Cup China 2023 ជាមួយកោះហ្គាំកាលពីថ្មីៗ។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា មកទល់ពេលនេះ ស្ថានភាពកីឡាករទាំង ៦រូប រួមមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី គឺមានសុខភាពធម្មតា មិនមានអាការៈ ឬរោគសញ្ញាអ្វី ដែលបង្កផលលំបាកដល់សុខភារបស់កីឡាករទាំង ៦រូបនោះទេ។ បច្ចុប្បន្នពួកគេរង់ចាំការធ្វើតេស្ដ PRC លើកទី២ នៅថ្ងៃទី២១ ខែតុលាខាងមុខ។
អ្នកចាត់ការក្រុមគោព្រៃខាងលើបានបញ្ជាក់ថា «សុខភាពពួកគាត់ឥឡូវ គឺធម្មតា អត់មានអាការៈ ឬរោគសញ្ញាអ្វីនោះទេ។ អ៊ីចឹងយើងចាំមើលស្ថានភាព និងលទ្ធផលធ្វើតេស្ដ ព្រោះនៅទីនោះ (បារ៉ែន) យើងចូលស្នាក់នៅសណ្ឋាគាររហូតដល់ថ្ងៃទី០៩ (ចំនួនថ្ងៃធ្វើចត្ដាឡីស័ក) ហើយ បានគេធ្វើតេស្ដ PCR ចូលថ្ងៃទី១០ ទើបដឹងលទ្ធផល ហើយបើយើង Ok (អវិជ្ជមាន) ទើបគេឲ្យចេញ តែបើអត់ OK ទេអាហ្នឹង តាមជាក់ស្ដែង»។
សូមរំឭកថា កីឡាករជម្រើសជាតិកម្ពុជា ៦រូបខាងលើបានរកឃើញឆ្លងជំងឺកូវីដ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំ ដែលភាគច្រើន សុទ្ធតែជាកីឡាករសំខាន់ៗ និងបង្ហាញខ្លួនក្នុងការប្រកួតជើងទី១ នៃវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ។ ដូច្នេះពួកគេ ត្រូវសម្រាកព្យាបាលនៅទីនោះ ក្រោមការរៀបចំរបស់ក្រសួងសុខាភិបាលបារ៉ែន និងមានការតាមដានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សូមបញ្ជាក់ដែរថា ក្រុមគោព្រៃកម្ពុជាបានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង ២ជើងក្នុងលទ្ធផល ៣-១ ដោយជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កន្លងទៅ៕