ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ នៅថ្ងៃនេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសទី៣ ឬដូសជំរុញ ជូនកុមារ យុវវ័យ មនុស្សចាស់ ហើយអំពាវនាវដល់ប្រជាពលរដ្ឋសេសសល់មិនទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី១ នៅមនី្ទរពេទ្យកុមារជាតិ ឲ្យបានគ្រប់ៗគ្នា។
លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានលើកឡើងថា ក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យកុមារជាតិ បានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬមានពិធីបុណ្យជាតិអ្វីនោះទេ គឺយើងមានកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ជូនបងប្អូនប្រជាជនជារៀងរាល់ថ្ងៃ។
ចាក់វ៉ាក់សាំងជូនមនុស្សចាស់ ដូសជំរុញ និងពីមុនមក អ្នកមានបញ្ហាសុខភាព និងអ្នកមានផ្ទៃពោះ និងបញ្ហាផ្សេងៗនាពេលកន្លងមក ដោយអាក់ខានមិនបានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ ក៏អាចអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ ជូនបងប្អូនប្រជាជនដូសទី១ បានដូចគ្នាផងដែរ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងមាតា បិតា អាណាព្យាបាលនាំយកកូន មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ បាននិយាយថា ថ្ងៃនេះពួកគាត់បាននាំកូន ចៅ មកចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ និងសូមថ្លែងអំណរគុណជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំរិះរកមធ្យោបាយទិញ និងការទទួលបានជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្ត និងដៃគូរពាក់ព័ន្ធនានា មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជារនាំងការពារកុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជាចុងក្រោយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ចាប់តាំងពីមានករណីជំងឺកូវីដ-១៩ ចូលមក គឺមនី្ទរពេទ្យកុមារជាតិ ចាប់ផ្តើមពិនិត្យស្រាវជ្រាវកុមារ ដែលមកទទួលការពិនិត្យ ព្យាបាលនៅក្នុងមនី្ទរពេទ្យថាតើកុមារនោះមានឆ្លងជំងឺកូវីដ-១៩ ដែរឬទេ ហើយថ្នាក់ដឹកនាំក៏បានរៀបចំវិធានការ ការពារ កុំឲ្យមានការឆ្លងពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត ដែលមកទទួលសេវាព្យាបាល ឬក៏ពិនិត្យសុខភាព និងមកចាក់វ៉ាក់សាំងបង្ការនៅក្នុងមនី្ទរពេទ្យកុមារជាតិ។
ទន្ទឹមនឹងនោះមនី្ទរពេទ្យ ក៏ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាំងពីខែកុម្ភៈ ដំបូងចាក់វ៉ាក់សាំង ជូនមនុស្សចាស់ មកដល់ថ្ងៃនេះយើងឈានដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ៦ឆ្នាំឡើងទៅ។ និយាយដោយឡែកសេវាទាំងឡាយនៅក្នុងមនី្ទរពេទ្យ គឺនៅតែបន្តជូនដល់ប្រជាជនធម្មតា អត់មានសេវាមួយណា ដែលមិនដំណើរការនោះទេ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលសេវានៅក្នុងមនី្ទរពេទ្យកុមារជាតិ រាល់ម៉ោង និងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងមនី្ទរពេទ្យ ក៏មានអគារសម្រាប់ថែទាំព្យាបាលជំងឺកូវីដ-១៩ ជូនកុមារផងដែរ៕