(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 ជាផ្លូវការហើយ ក្រោយបន្ដយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off មុននេះបន្ដិច នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ។
បន្ទាប់ពីត្រូវក្រុមគោព្រៃកម្ពុជា យកឈ្នះ ១-០ កាលពីជើងទី១ កោះហ្គាំ បានព្យាយាមវាយសម្រុកខ្លាំងនៅវគ្គទី១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នេះ រហូតរកបាន ១គ្រាប់មុន ដោយកីឡាករ Devan Mendiola នៅនាទី៣៥ ។ រីឯក្រុមជម្រើសជាតិកម្ពុជា ពុំសូវសម្រុក ដូចកាលពីជើងទី១ នោះទេ សម្រាប់រយៈពេល ៤៥នាទីដំបូង ។
ប៉ុន្ដែចូលវគ្គទី២ កម្ពុជាបានដាក់សម្ពាធលើកោះហ្គាំ ដោយវាយបកតាមស្មើ ១-១ ភ្លាមៗ បន្ទាប់ពីលេងបាន ៤នាទី ដោយកីឡាករ សុះ ស៊ូហាណា នៅនាទី៤៩ ក្រោយទទួលបាល់បញ្ជូនពីមិត្តរួមក្រុម កែវ សុខផេង មុនសមាជិកក្រុមវិសាខារូបនេះ ស៊ុតគ្រាប់នាំមុខឲ្យក្រុមគោព្រៃកម្ពុជាវិញ ២-១ នៅនាទី៥៥ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
សរុបលទ្ធផលទាំង ២ជើង កម្ពុជា បានយកឈ្នះកោះហ្គាំ ៣-១ ដើម្បីឡើងទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣ ។
អ្វីដែលពិសេស គោព្រៃកម្ពុជា នឹងទទួលបានថវិកាចំនួន ១០ម៉ឺនដុល្លារពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគេបានទម្លាក់កោះហ្គាំរបស់សហរដ្ឋអាមេរិក និងឡើងទៅវគ្គបន្ដ នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសឧបត្ថម្ភ តាំងពីអំឡុងការប្រកួតជើងទី១ ដែលកម្ពុជា យកឈ្នះកោះហ្គាំ ១-០ មកម្ល៉េះ ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
មិនតែប៉ុណ្ណោះ សមាជិកក្រុមជម្រើសជាតិកម្ពុជាទាំងមូល ក៏នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម តាមរយៈការស៊ុតបញ្ចូលទីកោះហ្គាំចំនួន ៣គ្រាប់ សរុបថវិកាចំនួន ១៥,០០០ដុល្លារពីលោកនាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានសន្យាឧបត្ថម្ភចំនួន ៥,០០០ដុល្លារ រាល់ការទាត់បញ្ចូលទី ១គ្រាប់ ក្នុងវគ្គជម្រុះ Play-Off ជាមួយកោះហ្គាំនេះផងដែរ ៕