អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Biden បានអំពាវនាវឱ្យមានការវិលត្រឡប់មករកកិច្ចចរចាឡើងវិញនៅក្នុងទីក្រុងវីយែន ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ប៉ុន្តែបាននិយាយថា ការបន្តការចរចាគឺអាស្រ័យលើអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈបន្តកិច្ចចរចានេះ នៅពេលដែលទីក្រុងតេអេរ៉ង់យល់ព្រមចូលរួមក្នុងការចរចាឡើងវិញ ដោយសង្កត់ធ្ងន់ថា ផ្លូវឆ្ពោះទៅរកការទូតនៅតែបើកចំហជានិច្ច។ ការចរចាបានតើតឡើងតាំងពីខែមិថុនាមក ភ្លាមៗបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអភិរក្សនិយមអ៊ីរ៉ង់ លោក Ebrahim Raisi។
លោក Price បាននិយាយថា យើងបានបញ្ជាក់យ៉ាងច្បាស់ហើយថា យើងបានត្រៀមខ្លួនរួចរាល់ហើយ យើងមានឆន្ទៈ និងលទ្ធភាពវិលត្រឡប់ទៅកាន់ទីក្រុងវីយែនវិញភ្លាមៗនៅពេលដែលយើងមានដៃគូចរចា។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរពហុភាគីឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) បានឃើញប្រទេសអ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងសេដ្ឋកិច្ចរបស់ខ្លួន៕