(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះថា ករណីលង់ទឹកនៅឆ្នេរជំទាវម៉ៅ ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបណ្តាលឲ្យមនុស្សចំនួន៤នាក់ស្លាប់ និងម្នាក់កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនរងគ្រោះដែលបានលង់ទឹកទាំងអស់មានចំនួន ៥នាក់ ក្នុងនោះ រួមមាន៖
*ទី១៖ ឈ្មោះ ឡេង ស្រីឌៀប ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅឃុំភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ មុខរបរកម្មកររោងចក្រអាវពេទ្យនៅបិតត្រំាង (ស្លាប់)
*ទី២៖ ឈ្មោះ ឡេង សុជា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរនៅផ្ទះ (កំពុងសង្គ្រោះនៅមន្ទីរពេទ្យ)
*ទី៣៖ ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្របិតត្រាំង ទីលំនៅភូមិអូរឧកញ៉ាហេង (ស្លាប់)
*ទី៤៖ ឈ្មោះ ឡេង ដាវ ប្រុស អាយុ១២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិអូរឧកញ៉ាហេង (ស្លាប់)
*ទី៥៖ ឈ្មោះ ឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិអូរឧកញ៉ាហេង (ស្លាប់)។ ពួកគេទាំង៥នាក់ ជាបងប្អូនបង្កើតនឹងបងប្អូនជីដូនមួយ។
តាមការបំភ្លឺរបស់ឈ្មោះ លេង យ៉ឹង ត្រូវជាឪពុករបស់ឈ្មោះ ឡេង សុខជា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង៥នាក់ ចុះលេងទឹកសមុទ្រនៅកន្លែងកើតហេតុ ពេលនោះឈ្មោះ ឡេង ដាវ បានលង់ទឹក។ ភ្លាមៗបងប្អូនទាំង៤នាក់លេងទឹកជាមួយគ្នា ក៏ទៅជួយ ទើបបណ្តាលឲ្យទឹករលកបក់បោកទាញយកទៅតាមទឹកបាត់អស់។
ចំណែកឯឈ្មោះ ឡេង សុខជា ដែលបានពាក់ពងរូបក្ងាន ត្រូវបានបងប្អូនអង្គុយនៅក្បែនោះរត់ទៅជួយសង្រ្គោះទាន់ពេល។ ឈ្មោះ ឡេង ឌៀប ត្រូវបងប្អូនព្យាយាមជួយបានភ្លាមៗដែរ តែត្រូវបានស្លាប់ក្រោយពីស្រង់យកមកលើគោក។ លុះនៅម៉ោង ១៧៖៥០នាទី ទើបរកឃើញសពជនរងឈ្មោះ ឡេង សុជាតា ម្នាក់ទៀត។ រហូតមកដល់ម៉ោង ២០៖៤៥នាទី សមត្ថកិច្ចបានរកឃើញសពឈ្មោះ ឡេង ជ្រូក មួយទៀត។ លុះដល់វេលាម៉ោង ១.០០នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែតុលា ទើបប្រទះឃើញសពឈ្មោះ ឡេង ដាវ អណ្តែតមកមាត់ឆ្នេរតែម្តង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បច្ចុប្បន្នសាកសពត្រូវបានពិនិត្យយកវត្ថុសំណាក និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ សហការជាមួយក្រុមហ៊ុន GTVC របស់ឧកញ៉ា ទៀ វិចិត្រ ជួយស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុរហូតដល់ឃើញសពទាំងអស់៕