កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញានេះថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានតែងតាំងក្នុងគណៈកម្មាធិការជាន់ខ្ពស់របស់រដ្ឋាភិបាលប្រទេសនេះ។
លោកស្រី Kim Yo Jong ទីប្រឹក្សាដ៏សំខាន់របស់បងប្រុសលោកស្រី ត្រូវបានតម្លើងឋានៈជាសមាជិកគណៈកម្មាធិការកិច្ចការរដ្ឋ (SAC) ខណៈពេលមានការផ្លាស់ប្ដូរជាច្រើនដែលត្រូវបានអនុម័តដោយសភាឧត្ដមប្រជាជន ដែលជាសភាប្រថាប់ត្រារបស់កូរ៉េខាងជើង។ សមាជិកមិនតិចជាង ៩នាក់នៃគណៈកម្មការនេះត្រូវបានដកចេញ រួមទាំងអនុប្រធានម្នាក់របស់ខ្លួនគឺលោក Pak Pong Ju និងអ្នកការទូតលោកស្រី Choe Son Hui ដែលជាស្ត្រីស្ថិតក្នុងតំណែងជាន់ខ្ពស់ដ៏កម្រនៅក្នុងឋានានុក្រមកូរ៉េខាងជើង ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។ កាសែតផ្លូវការ Rodong Sinmun បានបង្ហាញរូបថតរបស់មន្ត្រីដែលត្រូវបានតែងតាំងថ្មីចំនួន ៨នាក់នៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកស្រី Kim Yo Jong ក៏ស្ថិតក្នុងចំណោមអ្នកទាំងនោះដែលជាស្ត្រីតែម្នាក់គត់៕