(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញបច្ចុប្បន្នភាពនៃនាវា MT Strovolos និងក្រុមនាវិក ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសលួចប្រេងឆៅរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា គោលបំណងនៃសេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងដើម្បីធ្វើបច្ចុប្បន្នភាព នៃការវិវឌ្ឍពាក់ព័ន្ធនឹងនាវា MT Strovolos និង ក្រុមនាវិករបស់នាវានេះ និង ដើម្បីកែតម្រូវនូវព័ត៌មានបំភ្លៃការពិតមួយចំនួន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានមួយចំនួន នាពេលថ្មីៗនេះ។
ក្រសួងរ៉ែ និងថាមពល ជូនជម្រាបសាធារណជនឲ្យបានជ្រាបថា៖
១៖ ក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ អំពីការលួចប្រេងឆៅ នៅលើនាវាចំនួន ២៩៥.០០០ បា-រ៉ែល របស់ព្រះរាជាណាចក្រកម្ពុជា។
២៖ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពេលនិវេទន៍ក្រហមរបស់អាំងទ័រប៉ូល ត្រូវបានចេញពាក់ព័ន្ធនឹងការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ នៅក្នុងប្រទេសកម្ពុជា។
៣៖ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពេល ដែលនីតិវិធីតុលាការឥណ្ឌូណេស៊ីប្រឆាំងនឹងនាវា MT Strovolos និងក្រុមនាវិករបស់នាវានេះ សំរាប់ការបំពានច្បាប់ឥណ្ឌូណេស៊ីដោយសារការបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា និង ការចូលទៅកាន់ដែនទឹកឥណ្ឌូណេស៊ី ដោយគ្មានការអនុញ្ញាត ត្រូវបានបញ្ចប់ ហើយជាលទ្ធផលនាំឲ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារ ដល់ប្រធានក្រុមនាវិក និងការផាកពិន័យជាប្រាក់ផងដែរ។
៤៖ ការចាត់វិធានការខាងលើនេះ គឺកើតឡើងពីទំនាក់ទំនងល្អ រវាងប្រទេសជាសមាជិកអាស៊ាន ស្របតាមសិទ្ធិសញ្ញាអាស៊ាននានា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី សំរាប់កិច្ចសហការនេះ។
* សេចក្តីសង្ខេបហេតុការណ៍ និង ការវិវឌ្ឍចុងក្រោយ៖
នាវា MT Strovolos គឺត្រូវបានចតនៅតំបន់គម្រោងប្រេងកាតអប្សរា បំពេញតួនាទីរបស់ខ្លួនជានាវាផ្ទុក និង ផ្ទេរប្រេងឆៅ ពេលដែលក្រុមនាវិកនៃនាវានេះ បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬ ការអនុញ្ញាតណាមួយពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាផងដែរ ។
ពេលដែលចាកចេញ នាវា MT Strovolos នេះ បានបិទប្រព័ន្ធកំណត់អត្តសញ្ញាណ ស្វ័យប្រវត្តិរបស់ខ្លួន ដែលនាំឲ្យការស្វែងរកនាវានេះ មិនអាចធ្វើទៅបាន ហើយការបិទប្រព័ន្ធនេះ ក៏អាចបង្ករឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស នៅលើលំហសមុទ្រផងដែរ។ បើទោះបីជាមានការស្នើសុំឲ្យវិលត្រឡប់មកវិញក៏ដោយ ក៏នាវានេះមិនព្រមត្រឡប់មកដែនទឹកកម្ពុជាឡើយ។ ការចោទប្រកាន់មួយចំនួន ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ប្រឆាំងនឹងក្រុមនាវិកទាំងនោះ រួមមានដូចជាការចោទប្រកាន់ ពីបទលួចប្រេងឆៅជាដើម ។
ដោយប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំ និងបានទំនាក់ទំនងដោយផ្ទាល់ ជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងតាមរយៈប៉ូលីសអាំងទែប៉ូល ឲ្យចាប់ខ្លួន និងធ្វើបត្យាប័នក្រុមនាវិកទាំងនោះ មកព្រះរាជាណាចក្រកម្ពុជា ស្របតាមនីតិវិធីដែលមានកំណត់ ក្នុងសន្ធិសញ្ញាអាស៊ាន ស្តីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និង ច្បាប់កម្ពុជាដែលពាក់ព័ន្ធ។
ការធ្វើបត្យាប័ន និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់បែបនេះ ត្រូវបានធ្វើឡើងជាធម្មតា នៅលើពិភពលោក ដើម្បីការពារ និងបង្ការការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗ ។
ក្រសួងរ៉ែ និងថាមពល ដឹងថា កន្លងមកក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានឃុំខ្លួននៅក្នុងសាធារណរដ្ឋឥណ្ឌូណេស៊ី នៅអំឡុងខែ កក្កដា ឆ្នាំ២០២១ ដោយសារតែពួកគេបានចូល ទៅក្នុងដែនទឹកឥណ្ឌូណេស៊ីដោយគ្មានការអនុញ្ញាតត្រឹមត្រូវ និងដោយសារការបិទប្រព័ន្ធកំណត់ អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា។ ប្រធានក្រុមនាវិក ត្រូវបានជំនុំជម្រះ និង ដាក់ទោសពីបទល្មើសនេះផងដែរ ហើយបច្ចុប្បន្ន កំពុងតែអនុវត្តទោស ពន្ធនាគារ និងរងការផាកពិន័យជាប្រាក់ផងដែរ ។
នៅគ្រប់ដំណាក់កាលទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា តែងតែគោរព និងបន្តគោរពសិទ្ធិរបស់ក្រុមនាវិកទាំងអស់នោះ ។ ប៉ុន្តែការប្រពឹត្តបទល្មើសរបស់ពួកគេ ត្រូវតែកាត់ទោសតាមច្បាប់។ ការអនុវត្តច្បាប់បែបនេះ មិនមែនទង្វើគ្មានសីលធម៌ទេ។
រាជរដ្ឋាភិបាលកម្ពុជា កំពុងតែស្វែងរកយុត្តិធម៌ ចំពោះជនទាំងឡាយ ដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ក្រោយពេលដែលនីតិវិធីផ្លូវច្បាប់ នៅឥណ្ឌូណេស៊ី ត្រូវបានបញ្ចប់ ។ សិទ្ធិទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ និង ដោយឆាប់រហ័ស គឺត្រូវបានធានា ចំពោះបុគ្គលគ្រប់រូប ដែលត្រូវបានធ្វើបត្យាប័នមកកម្ពុជា ក្នុងការទទួលបានការកាត់ទោស សម្រាប់ការបំពានច្បាប់ ដូចក្នុងករណីនេះជាដើម ។
* ការកែតម្រូវព័ត៌មានមិនពិត៖
ក្រសួងរ៉ែនិងថាមពល បានឃើញព័ត៌មាន និងការអះអាងមិនពិតពាក់ព័ន្ធនឹងកម្មសិទ្ធិ លើប្រេងឆៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួនរបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos ដែលចាំបាច់ត្រូវកែតម្រូវ។ ប្រេងឆៅទាំងអស់ គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជា គ្រប់ពេលវេលាទាំងអស់។ ការលួច ឬ ការរំលោភបំពានកម្មសិទ្ធិ លើប្រេងឆៅដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្ខពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា។
ម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានជូនដំណឹងអំពីកម្មសិទ្ធិលើប្រេងឆៅ និងការបំពានច្បាប់កម្ពុជា តាំងពីប៉ុន្មានខែមុនមកម៉្លេះ។ ពួកគេមិនត្រឹមតែមិនបានធ្វើសកម្មភាពណាមួយ ក្នុងការបង្វិលសងប្រេងឆៅ មកព្រះរាជាណាចក្រកម្ពុជាវិញទេ ប៉ុន្តែពួកគេថែមទាំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើន នៅក្នុងប្រទេសថៃ និង ប្រទេសឥណ្ឌូនេស៊ីជាដើម ដោយពួកគេបានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ របស់នាវាក្នុងរយៈពេលយូរ ពេលដែលពួកគេធ្វើដំណើររួមទាំងពេល៖
* ចាកចេញពីដែនទឹកកម្ពុជា ដោយគ្មានការអនុញ្ញាត
* ចាកចេញពីដែនទឹកប្រទេសថៃ និង
* ចូលទៅកាន់ដែនទឹកប្រទេសឥណ្ឌូនេស៊ី ។
ពេលដែលនាវា MT Strovolos ចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ នាវានេះកំពុងត្រូវបានជួលដោយក្រុមហ៊ុន គ្រីសអេនើជី ដែលជាក្រុមហ៊ុនទទួលបានកិច្ចសន្យា ក្នុងការអភិវឌ្ឍជម្រកប្រេងកាតកម្ពុជា ។ វិវាទរវាងម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា និងក្រុមហ៊ុន គ្រីសអេនើជី ពាក់ព័ន្ធនឹងការជួលនាវា ប្រហែលជាបានកើតឡើង ប៉ុន្តែបញ្ហានេះមិនពាក់ព័ន្ធដល់ព្រះរាជាណាចក្រកម្ពុជាឡើយ។
ប្រេងឆៅមិនអាចក្លាយជាកម្មវត្ថុ នៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos ឡើយ ព្រោះថាប្រេងឆៅទាំងនេះ មិនមែនជាកម្មសិទ្ធិរបស់អ្នកជួលនាវា (ក្រុមហ៊ុន គ្រីសអេនើជី) ទេ។ ដូចបញ្ជាក់កន្លងមក ប្រេងឆៅជាទ្រព្យសម្បត្តិ របស់ព្រះរាជាណាចក្រកម្ពុជា។ គ្មានការទាមទារណាមួយក្រោមកិច្ចព្រមព្រៀង ជួលនាវាអាចផ្តល់ហេតុផលសមរម្យ ឬអនុញ្ញាតឲ្យនាវា MT Strovolos ចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ ឬ អនុញ្ញាតឲ្យមានរការរំលោភបំពានកម្មសិទ្ធិប្រេងឆៅ របស់កម្ពុជាឡើយ។
ម្ចាស់នៃនាវា MT Strovolos បានថ្លែងការណ៍ថា ខ្លួនយកចិត្តទុកដាក់ដល់សុខមាលភាព របស់ក្រុមនាវិក នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ គឺផ្ទុយទៅនឹងការពិតដែលក្រុមនាវិករបស់ពួកគេ មិនបានគោរពគោលការណ៍សុវត្ថិភាពនៃជីវិតមនុស្ស នៅលើលំហសមុទ្រឡើយ។ ពួកគេបានបិទប្រព័ន្ធអត្តសញ្ញាណស្វ័យប្រវត្តិ របស់នាវាក្នុងពេលពួកគេធ្វើដំណើរ ទន្ទឹមនឹងការដែលពួកគេចាកចេញពីដែនទឹកកម្ពុជា ដោយគ្មានការអនុញ្ញាត ឬ ដោយគ្មានសិទ្ធិ ដោយនាំយកទៅជាមួយនូវប្រេងឆៅ របស់ព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត ពេលនេះ ពួកគេគួរតែត្រូវរៀបចំបង្វិលសងប្រេងឆៅ មកឲ្យម្ចាស់ស្របច្បាប់ គឺព្រះរាជាណាចក្រកម្ពុជាវិញ និងគួរតែបោះបង់ការព្យាយាមណាមួយទាមទារប្រាក់ ពីព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាដែលជាវិវាទរបស់ពួកគេជាមួយ និងក្រុមហ៊ុន គ្រីសអេនើជី ។
យើងសូមសម្តែងសេចក្តីសាទរ ចំពោះកិច្ចសហប្រតិបត្តិការដែលយើងទទួលបាន ពីអាជ្ញាធរឥណ្ឌូណេស៊ី តាំងពីដើមរហូតដល់ពេលនេះ និង អរគុណចំពោះការផ្តល់ជំនួយផ្នែកច្បាប់របស់ពួកគេ ។ នេះបង្ហាញពីចំណងមិត្តភាពល្អ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋឥណ្ឌូណេស៊ី និងសហគមន៍អាស៊ានទាំងមូល៕