(តូក្យូ)៖ នៅទីបំផុតលទ្ធផលផ្លូវការបានចេញមកហើយ ដោយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ក្រោយការបោះឆ្នោត និងបូកសរុបលទ្ធផល នៅរសៀលថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោក Fumio Kishida នឹងត្រូវរង់ចាំទទួលការអនុម័តពីសភាទាំងពីរជាន់ថ្នាក់ របស់ប្រទេសជប៉ុនជាមុនសិន មុខនឹងអាចកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្តវេនពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ដែលបានប្រកាសលាលែងចេញពីតំណែង កាលពីប៉ុន្មានសប្តាហ៍មុន។ សម្រាប់កិច្ចប្រជុំសភាដើម្បីសម្រេចរឿងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។
យ៉ាងណាក៏ដោយ គណបក្សចំរុះដែលដឹកនាំដោយ LDP មានសំឡេងភាគច្រើនស្រាប់ នៅក្នុងសភាទាំងពីរជាន់ថ្នាក់, ហេតុដូច្នេះ ការគាំទ្រចំពោះលោក Fumio Kishida ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី គឺត្រូវបានគេមើលឃើញរួចទៅហើយថា នឹងអាចប្រព្រឹត្តទៅដោយរលូន។
គួរបញ្ជាក់ថា កាលពីដំបូងឡើយ សាធារណមតិមានការផ្តោតអារម្មណ៍ និងសន្និដ្ឋានថា រដ្ឋមន្ត្រីវ៉ាក់សាំងលោក តារ៉ូ កូណុ (Taro Kono) ទៅវិញទេ ដែលអាចទទួលបានការគាំទ្រ សម្រាប់តំណែងជាប្រធានបក្សកាន់អំណាច LDP និងជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ប៉ុន្តែសម្រាប់ពេលនេះលទ្ធផលបោះឆ្នោតក្នុងបក្សនេះផ្ទាល់ បានចេញមកហើយ នោះគឺលោក Kishida ទទួលបានសំឡេងគាំទ្រ ២៥៧សំឡេង រីឯលោក Kono ទទួលបានតែ ១៧០សំឡេងប៉ុណ្ណោះ។
សម្រាប់តំណែងជាប្រធានបក្សកាន់អំណាច និងនាយករដ្ឋមន្ត្រីជប៉ុនថ្មីនេះ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះលោក Fumio Kishida នឹងត្រូវដឹកនាំបក្សទាំងមូល ទៅដណ្តើមយកជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតសកល ដែលអាចនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១៕