(វីលនៀស)៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានស៊ុតបញ្ចូលទីគូប្រជែង ១គ្រាប់ សម្រាប់ការបង្ហាញខ្លួនលើកដំបូងឲ្យក្លិប FK Suduva នៃក្របខណ្ឌលីគកំពូលប្រទេសលីទុយអានី (A Lyga) នៅរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
គ្រាប់បាល់ដំបូងនៅក្លិបទី១១ ក្នុងអាជីពរបស់បុរសវ័យ ៣៥ឆ្នាំរូបនេះបានកើតឡើងក្នុងសប្ដាហ៍ទី២៨ ស្របពេលក្រុម FK Suduva បានយកឈ្នះក្រុម Banga Gargzdai ក្នុងលទ្ធផល ៤-០ ក្នុងជំនួបបើកឆាកជុំទី៤ នៃក្របខណ្ឌ A Lyga។ ១គ្រាប់របស់អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាខាងលើ បានកើតឡើងនៅនាទី៦៤។
តាមរយៈជ័យជម្នះខាងលើនេះដែរបានធ្វើឲ្យអតីតក្រុមជើងឯក ៣សម័យ FK Suduva បន្ដគ្រងកំពូលតារាងបណ្ដោះអាសន្នដោយមាន ៦១ពិន្ទុ បន្ទាប់ពីប្រកួត ២៨លើក ឈ្នះ ១៩ ស្មើ ៤ និងចាញ់ ៥ តាមពីក្រោយដោយក្រុម Zalgiris ដែលមាន ៥៣ពិន្ទុក្នុងដៃ តែក្រុមជើងឯក ៨សម័យនេះ ទើបប្រកួតបាន ២៦លើកប៉ុណ្ណោះ។
គួរដឹងថា FC Suduva គឺជាក្លិបទី១១ ក្នុងចំណោម ៩ប្រទេសនៅអឺរ៉ុប ដែលអតីតសមាជិកក្រុមជម្រើសជាតិសាម៉ូរៃជប៉ុន Keisuke Honda បានប្រកបអាជីពក្រៅពីប្រទេសកំណើត ដោយអតីតតារាឆ្នើមរបស់ AC Milan ធ្លាប់លេងឲ្យក្លិបនៅប្រទេសហូឡង់ រុស្ស៊ី អ៉ីតាលី ម៉ិកស៊ិក អូស្ត្រាលី ប្រេស៊ីល ព័រទុយហ្គាល់ និងអាស៊ែបៃហ្សង់ជាដើម។
ទន្ទឹមជាមួយការមមាញឹកជួយក្លិបថ្មីនៅលីគកំពូលនៃប្រទេសលីទុយអានី Honda នៅមានបេសកកម្មដ៏សំខាន់ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលោកបានចុះកុងត្រាជាមួយសហព័ន្ធរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣។ ពិសេសចុងឆ្នាំនេះ កម្ពុជាមានការប្រកួតអន្ដរជាតិធំៗ៣ គឺការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023-Play Off និងពានរង្វាន់ AFC U-23 Asian Cup 2022 នាខែតុលា រួមទាំងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នាខែធ្នូ ឆ្នាំ២០២១ ខាងមុខទៀតផង៕