ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសទំនាក់ទំងជាមួយអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យចំណងមិត្តភាពរបស់ប្រជាជន និងប្រទេសភូមិផងរបងតែមួយនេះកាន់តែស្និតស្នាលស៊ីជម្រៅបន្ថែមទៀតនោះ។
នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ នៅទីក្រុង បាងកកប្រទេសថៃ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ប្រធានព្រឹទ្ធសភាថៃ«ក្នុងនាមប្រធានព្រឹទ្ធសភាថៃ សូមប្តេជ្ញាថានឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាថែមទៀត ជាពិសេសការពង្រឹងកិច្ចសហការល្អជាមួយអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជា និងបន្តរក្សាចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានភាពចាស់ទុំជាង ៧១ឆ្នាំមកហើយនេះ ឲ្យកាន់តែស្អិតរមួត មានសាមគ្គីភាពល្អរវាងគ្នានិងគ្នាជានិរន្តរ៍តរៀងទៅ»។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណ បណ្ឌិតសាស្រ្តាចារ្យ Pornpetch Wichitcholchai ដែលបានផ្តល់កិត្តិយស និងស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានជម្រាបជូន ប្រធានព្រឹទ្ធសភាថៃ និងក្រុមសមាជិកព្រឹទ្ធសភាថៃ អំពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេស ការកសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាជាដើមនោះ។
ឯកឧត្តមក៏បានបញ្ជាក់អំពីដំណើរការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាជូនដល់ប្រធានព្រឹទ្ធសភាថៃផងដែរ ដោយរហូតដល់ពេលនេះកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៣៣% និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ សុក្រឹត្យា ក៏បានបញ្ជាក់ប្រាប់ដល់ភាគីថៃអំពីការត្រៀមបើកទទួលទេសចរអន្តរជាតិមកកម្ពុជាឡើងវិញនៅត្រីមាសទី ៤ ឆ្នាំ ២០២១ តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរវ៉ាក់សាំងកូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ រួមជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ក៏ដូចជាឳកាសនៃការវិនិយោគលើគ្រប់វិស័យនៅកម្ពុជាជាដើមនោះ៕