(ប្រេស៊ីលៀ)៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសប្រេស៊ីល លោក ម៉ាសេឡូ ខឺរ៉ូហ្គា (Marcelo Queiroga) បានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 នៅពេលអមដំណើរលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូល (Jair Bolsonaro) ទៅរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ចេញពីរដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា «លោក Marcelo Queiroga នឹងត្រូវបន្តស្នាក់នៅក្នុងទីក្រុងញូយ៉ក ដើម្បីធ្វើចត្តាឡីស័ក និងព្យាបាល។ មកទល់ពេលនេះ លោករដ្ឋមន្ត្រីមានសុខភាពល្អធម្មតា ហើយសម្រាប់មន្ត្រីអមដំណើរឯទៀត រួមទាំងលោកប្រធានានធិបតី Jair Bolsonaro ផងដែរ បានធ្វើតេស្តអវិជ្ជមាន…»។ ជុំវិញបញ្ហានេះដែរ លោក Queiroga បានប្រាប់ទៅកាន់សារព័ត៌មាន CNN ប្រចាំប្រទេសប្រេស៊ីលថា លោកបានពាក់ម៉ាសជាប់ជានិច្ច នៅពេលចូលរួមកិច្ចប្រជុំនានា ក្នុងអគារទីស្នាក់ការកណ្តាល UN នាបុរីញូយ៉ក។
ដោយឡែក សម្រាប់ប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ដែលកន្លងមកនេះ មិនបានទទួលការចាក់វ៉ាក់សាំងនៅឡើយនោះ គឺមិនបានខ្វល់ពីបទបញ្ជារបស់ UN ដែលតម្រូវអ្នកចូលរួមប្រជុំទាំងអស់ ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់នោះឡើយ ហើយនៅអំលុងពេលថ្លែងសុន្ទរកថានោះ លោកថែមទាំងបានអួតអាង អំពីការមិនបានចាក់វ៉ាក់សាំងរបស់លោកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការសុន្ទរកថានោះទៀតសោត លោក Bolsonaro បានយកឱកាសដែលពិភពលោក កំពុងពិភាក្សាគ្នាអំពីការបរិច្ចាគប្រាក់ ទៅកាន់មូលនិធិដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ទៅនិយាយពីគោលជំហររបស់រដ្ឋាភិបាលលោកផ្ទាល់ ដែលមិនគាំទ្រសោះឡើយចំពោះ «លិខិតឆ្លងដែនវ៉ាក់សាំង» ហើយលោកនៅតែគាំទ្រជានិច្ច ចំពោះការប្រើប្រាស់ថ្នាំប្រឆាំងមេរោគគ្រុនចាញ់ ដើម្បីព្យាបាលជំងឺ COVID-19។
យ៉ាងណាក៏ដោយ លោក Bolsonaro បានអះអាងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសប្រេស៊ីល គឺទទួលបានជោគជ័យ ហើយសម្រាប់មនុស្សពេញវ័យទាំងអស់ នឹងទទួលបានការចាក់វ៉ាក់សាំងពេញលេញ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ។ គិតត្រឹមចុងសប្តាហ៍មុន ប្រេស៊ីលបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២២២លានដូស ក្នុងនោះប្រជាជន ៨០.៦លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕