(ប៉ារីស)៖ បារាំងហាក់កំពុងធ្លាក់ចូលទៅក្នុងវិបត្តិការទូត ដែលមិនធ្លាប់មានពីមុនមក ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះ បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ពីប្រទេសទាំងពីរឲ្យត្រលប់មកវិញ ជាការឆ្លើយតបនឹងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (A-UK-US) ដែលបានជាន់ពន្លិចកិច្ចសន្យាទិញនាវាមុជទឹក ដែលផលិតដោយបារាំងតម្លៃ ៤០ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងប៉ារីស) ថា «ការសម្រេចចិត្តដ៏កម្រកើតមានបំផុតនេះ ត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ដោយយោងទៅតាមភាពធ្ងន់ធ្ងរនៃបញ្ហានេះ»។
សេចក្តីថ្លែងការណ៍របស់លោក Jean-Yves Le Drian បានគូសបញ្ជាក់បន្តទៀតថា «ការបោះបង់ចោលគម្រោងទិញនាវាមុជទឹក (បារាំង)… និងការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងបើកការស្រាវជ្រាវថ្មី សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរថ្មី (ការជួយអូស្ត្រាលីទទួលបានបច្ចេកវិទ្យាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់អាមេរិក និងអង់គ្លេស) នាពេលអនាគត គឺជាអាកប្បកិរិយាមិនអាចទទួលយកបានឡើយ ក្នុងនាមជាសម្ពន្ធមិត្តនឹងគ្នា។ វាជាផលវិបាកដែលប៉ះពាល់ខ្លាំងបំផុត ទៅដល់ភាពជាសម្ព័ន្ធមិត្តនៃយើងទាំងឡាយ ព្រមទាំងទៅលើភាពជាដៃគូ និងសារៈសំខាន់នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់សហភាពអឺរ៉ុប»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសអូស្ត្រាលីបានប្រកាសលុបចោល គម្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានតម្លៃជាទឹកប្រាក់ ៤០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន ណាវ៉ាល់ គ្រុប (Naval Group) នៃប្រទេសបារាំង ហើយងាកមកចាប់យកគម្រោងផលិត នាវាមុជទឹកប្រភេទនេះដដែលចំនួន ០៨គ្រឿង ក្រោយទទួលបានបច្ចេកវិទ្យាផលិត ពីសហរដ្ឋអាមេរិក និងចក្រភភពអង់គ្លេស តាមរយៈកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (A-UK-US) ដែលត្រូវបានប្រកាសចេញនៅថ្ងៃដដែល។
នៅក្នុងថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រទេសបារាំងបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបង្ហាញភាពខឹងសម្បារយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិតែម្តង និងបានហៅទង្វើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នោះថា ជាការលួចចាក់បារាំងពីក្រោយខ្នង ហើយទង្វើរបៀបៗនេះ គឺមិនខុសពីអ្វីដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើនោះឡើយ៕