(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ធ្វើឡើងនៅវិមានសន្តិភាព។
ជាមួយនឹងការប្រកាសបើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវយកទៅចាក់វ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រើសម្រាប់ចាក់ជូនកុមារអាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន។
សម្តេចតេជោ បានគូសបញ្ជាក់ក្នុងសារសំឡេងនោះថា កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះមានចំនួនប្រមាណ ១លាន ៨០ម៉ឺននាក់។ បើតាមសម្តេចតេជោ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំ ដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងសារសំឡេងនោះយ៉ាងដូច្នេះ «ដើម្បីឱ្យកុមារត្រូវចូលរៀនបឋមសិក្សាអាចនឹងចូលរៀនបឋមសិក្សាបាន ដោយគ្មានការភ័យខ្លាចព្រោះពួកគេបានទទួលវ៉ាក់សាំង។ បើមិនដូច្នោះទេយើងនៅចន្លោះក្នុងរង្វង់ពី៦ ទៅ ១២ឆ្នាំ ដែលមុននេះយើងតម្រូវសម្រាប់អនុវិទ្យាសល័យ តែយើងធ្វើតាមជំហាន ហើយជំហានបន្តទៀតយើងក៏កំពុងគិតសម្រាប់ក្មេងនៅមត្តេយ្យក្នុងរង្វង់អាយុ៣ ទៅ ៦ឆ្នាំវិញ ដែលនោះចាត់ទុកជាជំហានបន្ទាប់មួយទៀត»។
បន្ថែមពីលើសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមនៅលើទំព័រ Facebook ថា អនាគតរបស់ទាំងជីវិត ទាំងសុខភាព និងការសិក្សារបស់ពួកគេ គឺជាកិច្ចការសំខាន់ជាងគេដែលត្រូវធ្វើ ហើយការសម្រេចចាក់វ៉ាក់សាំងជូនកុមារ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាន នូវការសិក្សារៀនសូត្ររបស់ពួកគេ។ល។
ទន្ទឹមនឹងការបើកយុទ្ធនាការផ្តល់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងធ្វើសន្និសីទព័ត៌មានបង្ហាញពីស្ថានភាពសង្គម និងការងារប្រយុទ្ធប្រឆាំងនឹងសង្គ្រាមកូវីដ១៩នេះផងដែរ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងលើ។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងនេះ ចំនួន ៩.៧លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្មើនឹង ៩៧.៨៨ភាគរយ។ ក្នុងនោះអ្នកចាក់ដូសទី២ មានចំនួនជាង ៨.៧លាននាក់។
យុទ្ធនាការលើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហា គឺការចាក់ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមានចំនួនប្រមាណជា ២លាននាក់។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មានកុមារ និងយុវវ័យសរុបជាង ១១.៥លាននាក់ បានចាក់វ៉ាក់សាំង ស្មើនឹងប្រមាណ ៨៧.៣៨ភាគរយ។ ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួនជាង ១លាន ១៦ម៉ឺននាក់។
ក្នុងបេសកកម្មការពារអាយុជីវិតប្រជាពលរដ្ឋពីការយាយីដោយមេរោគកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានឈានដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋផងដែរ។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ជនជួរមុខ និងជនអាទិភាពសរុបជិត ៨០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងដូសទី៣។ រាជរដ្ឋាភិបាល គ្រោងនឹងបើកយុទ្ធនាការចាក់ដូសទី៣ ជូនប្រជាពលរដ្ឋទូទៅនៅអំលុងខែតុលា ខាងមុខនេះ។
ប្រទេសជាច្រើននៅលើពិភពលោកបានជួបស្ថានការអាក្រក់ ពីការវាយប្រហារជំងឺកូវីដ១៩ ហើយមិនអាចរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋខ្លួនបាននោះឡើយ។ ដោយឡែកប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសដែលរកបានវ៉ាក់សាំងយ៉ាងច្រើន មកចាក់ស្រោចជូនប្រជាពលរដ្ឋ ក្រោមការជួយជ្រោមជ្រែងលើការផ្គត់ផ្គង់ វ៉ាក់សាំងពីប្រទេសចិន។ ក្នុងចំណោមវ៉ាក់សាំងប្រមាណ ៣០លានដូសដែលកម្ពុជារកបាននោះ មានរហូតដល់ទៅប្រមាណ ២៧លានដូស ជាវ៉ាក់សាំងមកពីប្រទេសចិន។
លទ្ធផលដែលកម្ពុជាសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ១៩។
លទ្ធផលដែលកម្ពុជាសម្រេចបានទាំងលើការចាក់វ៉ាក់សាំង និងការគ្រប់គ្រងជំងឺកូវីដ១៩ បាននាំឱ្យកិត្តិនាមរបស់កម្ពុជាសាយភាយទៅក្នុងតំបន់ និងលើពិភពលោក ហើយទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិនានាផងដែរ។
មានកត្តាច្រើនដែលនាំកម្ពុជាសម្រេចលើផែនការចាក់វ៉ាក់សាំង។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិសង្គ្រាម កូវីដ១៩នេះ នៅតែជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចលើផែនការចាក់វ៉ាក់សាំង ព្រោះប្រមុខដឹកនាំប្រទេសរូបនេះ ជាអ្នកសម្រេចដាក់ចេញផែនការ និងយុទ្ធសាស្ត្រនានា។ បើមេដឹកនាំរូបនេះ សម្រេចចិត្តខុស ឬយឺតយ៉ាវ ច្បាស់ណាស់មិនអាចធ្វើឱ្យផែនការចាក់វ៉ាក់សាំងបានសម្រេចក្នុងលទ្ធផលដ៏ល្អប្រសើរបែបនេះឡើយ។
ការណ៍នេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរកោតស្ញប់ស្ញែង និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកិច្ចប្រឹងប្រែង និងការតម្កល់ខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕