(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។ ការចាក់វ៉ាក់សាំងដូសទី៣នេះ បានធ្វើឡើងនៅគេហដ្ឋានរបស់សម្តេចតែម្តង។
ជាមួយនឹងការចាក់ដូសទី៣នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា នឹងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រា សម្រាប់ប្រជាពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ រួចរាល់ទៅតាមពេលវេលាត្រូវចាក់ គិតពីដូសទី២ ទៅដូសទី៣ ក្នុងរយៈពេលពី ៤ ទៅ៦ខែ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា មកដល់ពេលនេះកម្ពុជា ចាក់ដូសទី៣ ឬដូសជំរុញ បានជិត ៧៨មុឺននាក់ហើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី១ និងទី២ ជាប្រភេទវ៉ាក់សាំងអាស្ត្រាហ្សេនីកា។ ដូសទី១ សម្តេចបានចាក់នៅថ្ងៃទី០១ ខែមីនា ហើយដូសទី២ ចាក់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕