(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២១ បានទទួលជួបលោក វរសេនីយ៍ឯកពិសេស លី ជីងហ្វេង អនុព័ន្ធ យោធាសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែល ត្រូវ បញ្ចប់ អាណត្តិ ចូល ជួប សម្តែង ការ គួរ សម និងជម្រាប លា ។
ក្នុងឱកាសនោះ លោក វរសេនីយ៍ឯកពិសេស លី ជីងហ្វេង បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទដែលក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ បានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឲ្យការបំពេញបេសកម្មកាទូតរបស់លោកទទួលបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិន ដែលមានពីយូរលង់មកហើយ ហើយរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅគ្រប់គ្រាលំបាក ប្រទេសទាំងពីរតែងមានទំនាក់ទំនងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ រួមទាំងថ្នាំពេទ្យ គ្រឿងសម្ភារៈ បរិក្ខារច្រើនទៀត ដើម្បីប្រយុទ្ធទប់ទល់ការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
លើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះកងទ័ពប្រជាជនចិន ដែលបានជួយផ្គត់ផ្គង់មធ្យោបាយសម្ភារៈការពារអាកាស លំហរសមុទ្រ ការជួយពង្រឹងសមត្ថភាកងកម្លាំងមួកខៀវកម្ពុជាដែលទៅបំពេញបេសកកម្មការដោះមីននៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នង និងក្រៅប្រទេស ពិសេសសមយុទ្ធរួមគ្នាកន្លងមក ធ្វើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានជូនពរដល់លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វេង សូមឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនៅក្នុងភារកិច្ចថ្មី ហើយមានជំនឿជាក់ថា ចិននៅតែបន្តជួយដល់កម្ពុជា ក្នុងនាមជាមិត្តដែកថែប និងមានទំនាក់ទំនងភាពជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ៕