(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានបង្ហាញការប្រឆាំងជំទាស់ទៅនឹងការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសហ្គីណេ ហើយអំពាវនាវឱ្យមានការដោះលែងលោក ប្រធានាធិបតី អាល់ហ្វា ខុនដេ (Alpha Conde) ជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថាភាគីចិនកំពុងតាមដានយ៉ាង យកចិត្តទុកដាក់លើស្ថានការណ៍នៅក្នុងប្រទេសហ្គីណេ។ លោក Wang បានបញ្ជាក់បន្ថែមដូច្នេះថា «យើងសង្ឃឹមថាគ្រប់ភាគីទាំងអស់អាចរក្សាភាពស្ងៀមស្ងាត់ និងមានការអត់ធ្មត់ខ្ពស់…ព្រមទាំងដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសហ្គីណេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ យោធានៅក្នុងប្រទេសហ្គីណេ បានធ្វើរដ្ឋប្រហារដោយបានចាប់ឃុំខ្លួនលោកប្រធានាធិបតី Alpha Conde និងប្រកាសរំលាយរដ្ឋាភិបាលចោល ជាមួយការសន្យាបង្កើតរដ្ឋាភិបាលថ្មីមួយ។ ក្រៅពីចិន សហគមន៍អន្តរជាតិក៏បានថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារនេះដែរ៕