(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាស នៅតាមវិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន២រួមមាន៖
*ទី១៖ វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់ផ្លូវលេខ៩៨
*ទី២៖ វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកអដោយស្មារតីទទួលខុសត្រូវខ្ពស់៕