(ភ្នំពេញ)៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែសីហានេះ បានចេញសេចក្តីណែនាំពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់សាលារដ្ឋ និងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យនៃជំងឺកូវីដ១៩ទាប។
សេចក្តីណែនាំរបស់ក្រសួងអប់រំបានបញ្ជាក់ថា ក្នុងអំឡុងពេល នៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សា ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ គ្រឹះស្ថានសិក្សាបានដំណើរការការរបង្រៀន និងរៀនពីចម្ងាយ តាមគ្រប់រូបភាព ក្នុងនោះក៏មានការបង្រៀន និងរៀនតាមបណ្តុំ ដែលជាការមករៀនជុំគ្នា ក្នុងទ្រង់ទ្រាយតូច រវាងគ្រូបង្រៀន និងសិស្ស នៅទីកន្លែងដែលមានសុវត្ថិភាព។
ដើម្បីធានាបាននូវការបន្តការសិក្សា របស់សិស្សានុសិស្ស និស្សិត ចាប់ពីខែកញ្ញារហូតដល់ការបិទបញ្ចប់ ឆ្នាំសិក្សា២០២០-២០២១ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិ ក្នុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន
អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងរៀនតាមបណ្តុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិតរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានាថា មិនមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌ ដែលចាត់ទុកថា មានសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោចណាស់ការរៀនជាបណ្ដុំចំនួនតិចជាង១៥ នាក់នៅតាមថ្នាក់រៀន នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលគ្មានការឆ្លងជំងឺកូវីដ-១៩។
យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗមួយចំនួន ដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំ នៅតាមគ្រឹះស្ថានសិក្សា នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប ដូចខាងក្រោម៖
ទី១៖ ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា
* គណៈអភិបាលរាជធានី ខេត្តត្រូវកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្រ្តដែលពុំមានការឆ្លងជំងឺកូវីដ-១៩
* មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី ខេត្តដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដែលមានលទ្ធភាពបើកដំណើរការឡើងវិញ
* វាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សា ដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវរៀបចំ យន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការ ឲ្យបានច្បាស់លាស់ ដោយមានការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប
* ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា បុគ្គលិកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន
* ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
* ត្រូវបន្តអនុវត្តកម្មវិធីសិក្សាបង្រួញ
* រៀបចំផែនការបង្រៀនប្រចាំសប្តាហ៍ និងប្រចាំខែឡើងវិញដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត
សង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន
* លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យចេះប្រើប្រាស់វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការ ដែលផលិតដោយនាយកដ្ឋានជំនាញ
នៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាមវេបសាយ ឬកម្មវិធីទូរសព្ទដៃ
* លើកទឹកចិត្ត និងជួយសិស្សឲ្យអនុវត្តលំហាត់ ឬធ្វើការហ្វឹកហាត់បន្ថែមនៅផ្ទះ
* មុខវិជ្ជាផ្សេងទៀត ត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែម នៅដើមឆ្នាំសិក្សាបន្ទាប់
ទី២៖ ការបន្តរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង១៥ នាក់ និងផ្លាស់វេន ឬការរៀនតាមបែបចម្រុះចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ
* វាយតម្លៃតំបន់សិក្សា ដើម្បីរៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឲ្យបានច្បាស់លាស់ ដោយមានការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួងដើម្បីបូកសរុប
* ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន
* ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង
* ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្តុំ មិនឱ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្តែង ដោយអាចរៀបចំការរៀន តាមបណ្តុំនៅសាលារៀន និងបែងចែកវេន ឬបណ្តុំតាមចម្រុះថ្នាក់, ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប
* រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ។ ករណីបណ្តុំមានសិស្សតិចពេក អាចផ្ដួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្ដួបលើសពី២កម្រិតថ្នាក់។ ចំពោះការធ្វើតេស្តសិស្សប្រចាំខែ ឬឆមាស ករណីគ្រូបង្រៀនថ្នាក់គួប តាមបណ្តុំមិនអាចរៀបចំខ្លឹមសារតេស្ត ឬកែកិច្ចការបាន ត្រូវសហការគ្នាជាមួយគ្រូបង្រៀននៃកម្រិតថ្នាក់នោះ
* បែងចែកគ្រូបង្រៀនឱ្យទទួលខុសត្រូវតាមបណ្តុំ ឬតាមកម្រិតថ្នាក់នីមួយៗ (ករណីគ្រូបង្រៀនមិនអាចសម្របសម្រួល បានត្រូវរៀបចំសិស្សធំ នៅបណ្ដុំជាមួយគ្នា ឬមាតាបិតាជួយសិស្សតូចៗ)
* ត្រូវបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ
– បន្តការរៀនតាមបែបចម្រុះ ដូចជារៀនតាមអនឡាញ, ចែកឯកសារ, និងរៀនផ្ទាល់ក្នុងថ្នាក់ ដោយត្រូវបែកចែកតាមវេនតាមក្រុម និងត្រូវពង្រឹងអនាម័យជាប្រចាំ
– លើកទឹកចិត្តសិស្ស ដែលមានលទ្ធភាពរៀន តាមប្រព័ន្ធអេឡិចត្រូនិក ឱ្យចេះប្រើប្រាស់ វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការ ដែលផលិតដោយនាយកដ្ឋានជំនាញនៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាម, វេបសាយ, ឬកម្មវិធីទូរសព្ទដៃ
– បន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន Live និងផ្ដល់ឱកាសដល់សិស្សក្នុងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិកអនុវត្តការធ្វើតេស្ត និងការវាយតម្លៃការសិក្សាសិស្ស ជាពិសេសថ្នាក់ទី៩ និងទី១២ ឱ្យបានគត់មត់ ក្រោមរូបភាពជាការប្រឡង ការធ្វើតេស្តដាក់ពិន្ទុប្រចាំខែ ត្រីមាស ប្រចាំឆ្នាំ
* ការអនុវត្តកម្មវិធីសិក្សាបង្រួញ
– រៀបចំផែនការបង្រៀនប្រចាំសប្តាហ៍ និងប្រចាំខែឡើងវិញ ដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត
– សង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន
– លើកទឹកចិត្ត និងជួយសិស្សឱ្យអនុវត្តលំហាត់ ឬធ្វើការហ្វឹកហាត់បន្ថែមនៅផ្ទះ
– មុខវិជ្ជាផ្សេងទៀត ត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែម នៅដើមឆ្នាំសិក្សាបន្ទាប់
ទី៣៖ ការបង្រៀន និងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់
* បន្តការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក និងចែកឯកសារ
* បន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន Live និងផ្ដល់ឱកាសដល់សិស្ស ក្នុងការធ្វើស្វ័យសិក្សាដោយប្រើប្រាស់ សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិក
* អនុវត្តការធ្វើតេស្ត និងការវាយតម្លៃការសិក្សាសិស្ស ជាពិសេសថ្នាក់ទី៩ និងទី១២ ឱ្យបានគត់មត់ ក្រោមរូបភាពជាការប្រឡង ការធ្វើតេស្តដាក់ពិន្ទុប្រចាំខែ ត្រីមាស ប្រចាំឆ្នាំ
* ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ អាចរៀបចំឱ្យមានការរៀនជាបណ្ដុំនៅតាមផ្ទះ ការសិក្សាទៅតាមកន្លែងជាក់ស្តែង ដែលជ្រើសរើសដោយសហគមន៍ និងអាជ្ញាធរស្រុក និងការធ្វើជាបណ្ដុំស្វ័យសិក្សា ដោយសិស្សថ្នាក់ខ្ពស់ ជួយសិស្សថ្នាក់ទាបជាដើម
* ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ត្រូវតែមានការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាល និងទាមទារការចូលរួមពីមាតាបិតា ហើយត្រូវអនុវត្តតាមការរៀនតាម សន្លឹកកិច្ចការ
* ជំរុញមាតាបិតាក្នុងការជួយលើកទឹកចិត្ត និងបង្កលក្ខណៈដល់ការសិក្សាពីចម្ងាយ និងស្វ័យសិក្សារបស់សិស្ស ជាពិសេសសិស្សតូចៗ។
ទី៤៖ ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៖
* គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវពិនិត្យមើល, ចាត់វិធានការថែទាំ, លើកកម្ពស់អនាម័យ សណ្តាប់ធ្នាប់នៅសាលារៀន ទោះបីជាគ្រឹះស្ថានសិក្សាមិនទាន់បើកដំណើរការឡើងវិញក៏ដោយ
* មិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះទេ
* គ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ។
ទី៥៖ ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចនៅកម្រិតសាលារៀន ក្នុងការបើកឬផ្អាកដំណើរការសាលារៀន៕