អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអាទិត្យបានក្លាយជាមេបញ្ជាការទី៤ ដែលធ្វើជាសាក្សី ខណៈសាកសពទាហានអាមេរិកដែលបានស្លាប់បានវិលត្រឡប់មកដល់ទឹកដីអាមេរិកវិញពីអាហ្វហ្គានីស្ថាន។
ប្រធានាធិបតី និងស្ត្រីទី១ Jill Biden កាលពីថ្ងៃអាទិត្យបានទៅកាន់មូលដ្ឋានទ័ពអាកាស Dover Air Force នៅក្នុងរដ្ឋ Delaware ជួបជាមួយក្រុមគ្រួសារកងទ័ពអាមេរិក ១៣នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារអត្តឃាត នៅជិតអាកាសយានដ្ឋានកាប៊ុល។ បន្ទាប់មកក្បួនយោធាដែលមានពិធីផ្ទេរសាកសពដ៏ថ្លៃថ្នូរ បានធ្វើឡើងសម្រាប់អ្នកដែលបានស្លាប់នៅក្នុងសមរភូមិបរទេស។ អ្នកស្លាប់ទាំងនោះមានអាយុចាប់ពី ២០ ដល់ ៣១ឆ្នាំ ហើយមកពីរដ្ឋ California និងរដ្ឋ Massachusetts និងរដ្ឋមួយចំនួននៅចន្លោះទាំង២ នោះ។
លោកប្រធានាធិបតីក៏រងការស្ដីបន្ទោសពីក្រុមគ្រួសាររបស់យោធា ដែលបានស្លាប់នៅក្នុងទឹកដីអាហ្វហ្គានីស្ថានផងដែរ ក្នុងនោះម្ដាយរបស់កងម៉ារីនម្នាក់ដែលបានស្លាប់ក្នុងចំណោមកងកម្លាំងផ្សេងទៀតបាននិយាយថា អ្នកបោះឆ្នោតឲ្យលោកប្រធានាធិបតី Joe Biden គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់កូនរបស់អ្នកស្រី៕