ភ្នំពេញ ៖ ខណៈដែលប្រទេសកំពុងមានការអភិវឌ្ឍ ហើយអគារបានកំពុងរីកស្គុះស្គាយជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យដែលមានបច្ចេកវិទ្យាទំនើប ហើយមានសមត្ថភាពបាញ់ទឹកឡើងលើកម្ពស់រហូតដល់១០០ម៉ែត្រ ចំនួន២គ្រឿងជាដំណាក់កាលទីមួយ ដើម្បីទុកបម្រុងពន្លត់អគ្គិភ័យដែលកើតឡើងដោយយថាហេតុណាមួយ សម្រាប់អគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។
ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្វើការប្រគល់ថយន្ត ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានលើកឡើងថា រថយន្តពន្លត់អគ្គិភ័យដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជាទិញជាលើកដំបូងនេះ គឺបានផលិតនៅប្រទេសលោកខាងលិច ហើយមានតម្លៃរាប់លានដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយមានធុងផ្ទុកទឹកបានចំនួនបីពាន់លីត្រ និងហ្វម (ទឹកសាប៊ួរ)ចំនួនមួយពាន់លីត្រ មានជណ្ដើរឡើងរហូតដល់កម្ពស់៥៤ម៉ែត្រ និងកម្លាំងទឹកបាញ់បានយ៉ាងលឿនជាងរថយន្តធម្មពន្លត់អគ្គិភ័យធម្មតាមផងដែរ។
យ៉ាងណាក៏ដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ផងដែរថា ថ្វីត្បិតតែរថយន្តពន្លត់អគ្គិភ័យនេះ មានបច្ចេកវិទ្យាទំនើប ហើយអាចបាញ់បានឡើងលើខ្ពស់រហូតដល់១០០ម៉ែត្រក៏ពិតមែន ប៉ុន្តែវាមិនអាចចូលទៅផ្លូវតូចៗ បាននោះឡើយ ពោលគឺផ្លូវចាប់ពី៧ម៉ែត្រឡើងទៅទើបវាអាចធ្វើការកើត ហើយប្រកបដោយប្រសិទ្ធភាពថែមទៀតផងដែរ៕