(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញគោលនយោបាយស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើងទៅ។ ការចាក់ចាក់ដូសជំរុញនេះ ដើម្បីបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
រាជរដ្ឋាភិបាល បានគូសបញ្ជាក់ដែរថា ការចាក់ដូសជំរុញនឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។ ក្នុងគោលនយោបាយនេះ រាជរដ្ឋាភិបាល បន្តយកប្រទេសចិន ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់ចាក់ដូសជំរុញ។
ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញនេះ ឱ្យទទួលបានប្រសិទ្ធភាពនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលការណ៍ណែនាំលំអិតចំនួន៥ផងដែរ។ គោលការណ៍ទាំង៥នោះ រួមមាន៖
១៖ គោលការណ៍ស្ម័គ្រចិត្ត៖ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្ត «គោលការណ៍ស្ម័គ្រចិត្ត» ដដែល ចំពោះការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បន្តលើកទឹកចិត្តដល់ប្រជាជន ដែលមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌបច្ចេកទេសដែលបានចាក់វ៉ាក់សាំងជុំទី១ រួច មកទទួលយក វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជួយបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងប្រឆាំងនឹងមេរោគកូវីដ-១៩។ ជាពិសេសទប់ទល់មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងបង្កើត ឱ្យបាននូវ «ភាពសុាំសហគមន៍រឹងមាំពិតប្រាកដមួយ» សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
២៖ គោលការណ៍ឥតគិតថ្លៃ៖ រាជរដ្ឋាភិបាលបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញនេះជូនប្រជាជនដោយឥតគិតថ្លៃ ដូចការចាក់វ៉ាក់សាំងនៅជុំទី១ ដែរ។ ទន្ទឹមនេះ ដើម្បីបង្កើនល្បឿននៃការចាក់ វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ។ រដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។
ដោយឡែកសម្រាប់បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែកចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះ ដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម និងធានាបាននូវសុវត្ថិភាព និងនិរន្តភាពនៃកិច្ចដំណើរការផលិតកម្ម ជាប្រក្រតីនៅក្នុងរោងចក្រ-សហគ្រាស ឬអាជីវកម្មរបស់ខ្លួន។
រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានយន្តការ ដើម្បីសម្របសម្រួលជាមួយវិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងលើការរួមចំណែករបស់រោងចក្រ-សហគ្រាស និង ម្ចាស់អាជីវកម្មធំៗ ក្នុងការជួយរ៉ាប់រងចំណាយ ដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនទាំងលើការជួយគាំទ្រដល់វិស័យឯកជនក្នុងការនាំចូល និងចែកចាយវ៉ាក់សាំងកូវីដ-១៩ និងផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្លៃសមស្រប។
៣៖ ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទៅលើក្រុមមនុស្ស និងតាមទីតាំងភូមិសាស្ត្រ៖ ការចាក់វ៉ាក់សាំងដូសជំរុញនេះ ត្រូវផ្តើមចេញពីក្រុមមន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងចាប់ផ្តើមពីតំបន់ដែលមានហានិភ័យខ្ពស់, ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មុននឹងបន្តទៅចាក់ជូនប្រជាពលរដ្ឋទូទៅ ស្របតាមអភិក្រម «ផ្ការីក» ដូចដែលបានអនុវត្តសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅជុំទី១ ដោយផ្តើមចេញពីរាជធានីភ្នំពេញ, ខេត្តកណ្តាល និងបន្តទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស។
៤៖ ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ក្រសួងសុខាភិបាល និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តនូវគោលការណ៍ដូចខាងក្រោម៖
* ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាវ៉ាក់សាំងដូសជំរុញ តែចំពោះប្រភេទវ៉ាក់សាំងកូដ-១៩ ដែល ត្រូវបានទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ដោយអង្គការសុខភាពពិភពលោក និងដោយ ក្រសួងសុខាភិបាលកម្ពុជាប៉ុណ្ណោះ។
* កំណត់អំពីប្រភេទវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាដូសជំរុញ សម្រាប់សម្រួលដល់ការស្វះស្វែងរក វ៉ាក់សាំង និងធានាបាននូវការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដោយយន្តការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជន។
* កំណត់អំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទចម្រុះ (Heterologous Vaccination Regiment) ទាំងរបបនៃការចាក់វ៉ាក់សាំងប្រភេទតែមួយដូចគ្នា (Monologues Vaccination Regiment) ព្រមទាំងធ្វើការណែនាំដល់សេវាសុខាភិបាលឯកជនអំពីរបបនៃការចាក់វ៉ាក់សាំងដូសជំរុញនេះជូនដល់ប្រជាជន។
ទន្ទឹមនេះ ក្រសួងសុខាភិបាលត្រូវបន្តសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នកម្ម ជាប្រចាំអំពីរបបចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, ប្រភេទវ៉ាក់សាំងដែលអាចប្រើជាដូសជំរុញ និងគម្លាត ពេលវេលានៃការចាក់ដូសជំរុញនេះ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន និងជូនដំណឹងដល់សេវាសុខាភិបាល និងសាធារណជនឱ្យបានទូលំទូលាយ។
* ជូនដំណឹងដល់សាធារណជនអំពីរបបនៃការចាក់វ៉ាក់សាំង និងណែនាំអំពីរបៀបនៃការទទួល បានការចាក់វ៉ាក់សាំងដូសជំរុញនេះ ដោយរួមទាំងប្រភេទវ៉ាក់សាំងដែលអាចប្រើជាដូសជំរុញ, គម្លាតពេលវេលា នៃការចាក់ដូសជំរុញ និងរបបនៃការចាក់វ៉ាក់សាំងដូសជំរុញ។
៥៖ យន្តការអនុវត្តគោលនយោបាយ៖ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំង ដូសជំរុញនេះ, រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនដល់ក្រសួង-ស្ថាប័ន និងយន្តការដែលមានការពាក់ព័ន្ធ ដូចខាងក្រោម៖
* គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវដឹកនាំសម្របសម្រួលការងាររួម និងតាមដានត្រួតពិនិត្យការអនុវត្តសេចក្តីប្រកាសគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។
* គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំផែនការសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងត្រូវខិតខំដឹកនាំសម្របសម្រួលការអនុវត្តផែនការនេះឱ្យបានចប់សព្វគ្រប់តាមការគ្រោងនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២២ខាងមុខ ព្រមទាំងត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងផ្តល់ការគាំទ្រចាំបាច់នានាដល់ការអនុវត្តផែនការសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយរាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសេវាសុខាភិបាល ឯកជនផងដែរ។
* គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំផែនការលទ្ធកម្ម បម្រើឱ្យផែនការសកម្មភាពចាក់វ៉ាក់សាំងកូវី-១៩ ដូសជំរុញ និងស្វះស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈយន្តការទ្វេភាគី និងពហុភាគី ដើម្បីត្រៀមបម្រុងវ៉ាក់សាំងទុកជាមុនឱ្យបានគ្រប់គ្រាន់ សម្រាប់ការចាក់ដូសជំរុញ នេះ ស្របតាមយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងតាមផែនការសកម្មភាព ដែលរៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ដោយសារប្រជាជនកម្ពុជាភាគច្រើនលើសលប់បានទទួលការចាក់វ៉ាក់សាំងប្រភេទ Sinopharm និង Sinovac ជាវ៉ាក់សាំងមូលដ្ឋាន ហើយដោយសារវ៉ាក់សាំងប្រភេទនេះ ត្រូវបានរកឃើញដោយក្រុមការងារជំនាញថា អាចជាជម្រើសមានប្រសិទ្ធភាពមួយក្នុងការប្រើប្រាស់សម្រាប់ជាដូសជំរុញ ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទ Sinopharm ឬ Sinovac ទាំងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទ AstraZeneca ឬ Johnson & Johnson។ ដូច្នេះក្នុងការរៀបចំផែនការលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, គណៈកម្មការចំពោះកិច្ច ទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តយកមិត្តចិន ធ្វើជាបង្អែកផ្នែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជា ហើយប្រភពផ្សេងទៀត នៅបន្តជាប្រភពគាំទ្រ ដែលបម្រើឱ្យតម្រូវការចាំបាច់ នៃផែនការវ៉ាក់សាំងរបស់កម្ពុជា ទាំងជាវ៉ាក់សាំងដូសជំរុញ ទាំងជាវ៉ាក់សាំងសម្រាប់ជុំទី២ ផ្អែកតាមលទ្ធភាពរបស់កម្ពុជា ក្នុងការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩។
* គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវរៀបចំយន្តការពិគ្រោះយោបល់ និងសម្របសម្រួលជាមួយយន្តការពាក់ព័ន្ធ និងរោងចក្រ-សហគ្រាស ម្ចាស់អាជីវកម្ម និងគ្រឹះស្ថានសុខាភិបាល ឯកជន ដើម្បីឱ្យរោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្ម រួមចំណែកទទួលបន្ទុកក្នុងចំណាយលើវ៉ាក់សាំងកូវីដ-១៩ ជូនដល់កម្មករ និយោជិត និងបុគ្គលិករបស់ខ្លួន សំដៅបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញ និងជួយរំលែកបន្ទុកចំណាយរបស់រដ្ឋ។
* ក្រសួងសុខាភិបាល ត្រូវផ្តល់ការគាំទ្រ និងការសម្របសម្រួលតាមការចាំបាច់ ដើម្បីជួយឱ្យវិស័យឯកជនអាចនាំចូល និងផ្តល់សេវាចាក់វ៉ាក់សាំងដូសជំរុញនេះ ឱ្យបានទូលំទូលាយជូនដល់ប្រជាជន ប្រកប ដោយសុវត្ថិភាព និងក្នុងថ្លៃសមរម្យ៕