ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំងនៃក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី និងមន្ដ្រីពាក់ព័ន្ធសរុប ១,២២៩នាក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
យុទ្ធនាការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC តាមរយៈការស្នើសុំរបស់លេខាធិការដ្ឋានកាលពីថ្មីៗ ដើម្បីបង្កើនភាពស៊ាំដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីក្នុងការត្រៀមប្រមូលផ្ដុំហ្វឹកហាត់ទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេម។ ក្រោយទទួលបានវ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងគ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនីបានសម្ដែងសេចក្ដីត្រេកអរ និងរីករាយជាខ្លាំង ក្រោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសរាជរដ្ឋាភិបាលចំពោះការរៀបចំចាក់វ៉ាក់សាំងដូសទី១ ដូសទី២ រហូតដល់ដូសទី៣ ដើម្បីបង្កើនទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅដល់កីឡាករ-កីឡាការិនីក្នុងការប្រមូលផ្ដុំហ្វឹកហាត់ឲ្យបានមុតស្រួច សម្រាប់ត្រៀមស៊ីហ្គេមលើកទី៣១ នៅវៀតណាមដែលពន្យារពេលទៅឆ្នាំ២០២២ ផង និងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។
តាមគោលការណ៍ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិនេះគឺបែងចែកជា ២លើក ដោយលើកទី១-ចាក់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះមានចំនួនសរុប ១,២២៩នាក់ និងលើកទី២ គ្រោងចាក់ក្នុងពេលឆាប់ៗខាងមុខ ដោយតាមការគ្រោងទុកយ៉ាងយូរត្រឹមថ្ងៃទី០៩ ខែកញ្ញា ហើយការចាស់ដូសទី៣ លើកទី២ នេះមានចំនួនប្រមាណជាង ៥០០នាក់។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មាធិការជាតិ CAMSOC៕